ធ្លាយដំណឹងថា Hyundai ឈប់អភិវឌ្ឍន៍ម៉ាស៊ីនឡានថ្មីចាប់ពីពេលនេះ

Hyundai បានបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនរថយន្តភីស្តុងទៀតហើយ ខណៈដែលក្រុមហ៊ុននេះមានផែនការកាត់បន្ថយរថយន្តដើរដោយប្រេងឥន្ធនៈឲ្យបាន ៥០%។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលដកស្រង់ដំណឹងពីប្រភពចំនួនពីរជិតស្និទ្ធនឹងក្រុមហ៊ុន Hyundai។

ក្រុមហ៊ុន Hyundai ក៏មានក្ដីរំពឹងថានឹងលក់រថយន្តអគ្គិសនីបានប្រមាណ ១លានគ្រឿងក្នុងមួយឆ្នាំ ហើយប្រសិនបើសម្រេចគោលដៅនេះមានន័យថាក្រុមហ៊ុននឹងអាចក្ដោបក្ដាប់ទីផ្សារសកលនៃរថយន្តអគ្គិសនីបាន ១០%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមការចុះផ្សាយរបស់ Reuters ការសម្រេចចិត្តបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនរថយន្តប្រេងឥន្ធនៈ នឹងអាចឲ្យ Hyundai បង្វែរថវិកាទៅផ្ដោតលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍រថយន្តអគ្គិសនី ដោយមានការអភិវឌ្ឍន៍នូវម៉ូទ័រអគ្គិសនី និងអាគុយផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា Hyundai នឹងសម្រេចចិត្តលើយុទ្ធសាស្ត្រផ្លាស់ប្ដូរខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅក្នុងរយៈពេល ៦ខែខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម