នេះនែក! គ្រឿងលេងតម្លៃជិត ២ម៉ឺនដុល្លារ សម្រាប់ឡាន Toyota Land Cruiser ឆ្នាំ២០២២ ថ្មី

ក្រុមហ៊ុន Liberty Walk ត្រូវបានគេស្គាល់ច្រើនតាមរយៈការលក់នូវគ្រឿងលេង bodykits សម្រាប់រថយន្ត ដោយក្នុងនោះរួមមានទាំង Lamborghini Huracans, Nissan GT-R និងរថយន្តស្ព័រជាច្រើនផ្សេងទៀត។

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនខាងលើបានប្រកាសចេញនូវ គ្រឿងលេង bodykits សម្រាប់រថយន្ត Toyota Land Cruiser 300 ឆ្នាំ២០២២ ដែលចូលរួមសហការណ៍ជាមួយនឹង ក្រុមហ៊ុន Sphere Light ហើយវានឹងចេញលក់នៅក្នុងឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាមិនមែនជាលើកទីមួយនោះទេ ដែលមានក្រុមហ៊ុនផលិត bodykits សម្រាប់ Land Cruiser ថ្មី ព្រោះថាក្នុងនោះមានទាំងក្រុមហ៊ុន Modelista និង Wald ផងដែរ។ ដោយឡែកចំពោះ គ្រឿងលេងរបស់ Liberty Walk និង Sphere Light គឺ កាងមុខលៀន ជាមួយនឹងការបន្ថែមអំពូល LED ទៀតផង។

មិនតែប៉ុណ្ណោះ ឡូហ្គូ Toyota លើប៉ាណាមុខ ក៏ត្រូវបានប្តូរទៅជាឡូហ្គូ Liberty Walk វិញ ហើយគម្របម៉ាស៊ីនរបស់វាត្រូវបានផលិតចេញពី carbon fiber សុទ្ធទៀតផង។ រីឯផ្នែកចំហៀងវាក៏បានបំពាក់កាង ដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែរីកទទឹង។ ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាបានបំពាក់កាង spoiler ចំនួន ២ជាន់, កាងក្រោយលៀន និង កាងលំហូរខ្យល់ក្រោយ rear diffuser ជាមួយបំពង់ស៊ីម៉ាំង ២ ទៀតផង។

ក្រុមហ៊ុន Liberty Walk បានប្រកាសថា គ្រឿងលេង bodykits មួយឈុតសម្រាប់ Toyota Land Cruiser 300 ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ១៧ ៨៧០ដុល្លារ នៅក្នុងប្រទេសជប៉ុន ឬ ១៩ ៥៨០ដុល្លារ នៅលើទីផ្សារដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម