ក្រុមហ៊ុន Aston Martin បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត DBS Superleggera Concorde ហើយ ពោលគឺរយៈពេលជាង ១ឆ្នាំ បន្ទាប់ពីដាក់បង្ហាញវាជាផ្លូវការ។
ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនចាយពេលយូរយ៉ាងនេះឡើយ ប៉ុន្តែជំងឺឆ្លងរាតត្បាតកូវីដ១៩ ក៏អាចជាមូលហេតុដែរ។
រថយន្ត Aston Martin DBS Superleggera Concorde គ្រឿងទី១ ក្នុងចំណោម ១០គ្រឿងនេះ មានតួខ្លួនពណ៌ស រំលេចដោយដំបូលពណ៌ខ្មៅ និងក្រហម។ ក្នុងនោះគេក៏លេងតែមទង់ជាតិចក្រភពអង់គ្លេសលើខ្លួនរបស់វាផងដែរ។
រថយន្តម៉ូដែលពិសេសផលិតមានចំនួនកំណត់នេះ នៅតែបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៥,២លីត្រ V12 មានកម្លាំង ៧១៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេល ៣,៤វិនាទី ហើយមានល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរឲ្យដឹងថា នៅពេលដាក់បង្ហាញរថយន្ត DBS Superleggera Concorde កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Aston Martin បានអះអាងថា ចំណូលពីការលក់រថយន្តនីមួយៗ នឹងផ្តល់ទៅឲ្យអង្គការមិនរកប្រាក់កម្រៃ ដែលជួយដល់កុមារ និងបង្រៀនពួកគេឲ្យបើកយន្តហោះ៕