នៅអាមេរិកគេនាំគ្នាបោះបង់ឡាន Sedan ខុសគេតែ Toyota ប៉ុណ្ណោះ

ក្រុមហ៊ុន​រថយន្ត​កាន់​តែ​ច្រើន​បាន​ផ្លាស់​ប្ដូរ​មុខ​សញ្ញា​ទៅ​កាន់​រថយន្ត​ប្រភេទ SUV ហើយ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​អាមេរិក​ខ្លះ បាន​បោះ​បង់​ចោល​រថយន្ត​ប្រភេទ Sedan អស់​ពី​មួយ​ចូល​មួយ។

ជាក់​ស្ដែង​ដូច​ជា​ក្រុមហ៊ុន Ford និង Buick ឆាប់ៗ​ខាង​មុខ​នេះ​នឹង​លែង​មាន​រថយន្ត​ប្រភេទ Sedan លក់​ជូន​អតិថិជន​ទៀត​ហើយ បន្ទាប់​ពី​ការ​ផលិត​រថយន្ត Fusion និង Regal ត្រូវ​បញ្ចប់។ នៅ​ចុង​ឆ្នាំ ក្រុមហ៊ុន Lincoln ក៏​នឹង​ដូច​គ្នា ពេល​ដែល​ការ​ផលិត​រថយន្ត​ Continental ត្រូវ​បញ្ចប់​។ ចំណែក​ឯ Cadillac និង Chevrolet វិញ ជម្រើស​រថយន្ត Sedan ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កាន់​តែ​តិច​ទៅៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយ​ឡែក​ បើ​ក្រឡេក​មើល​ទៅ​ក្រុមហ៊ុន Toyota នៅ​អាមេរិក​ឯណោះ​វិញ ហាក់​មាន​បំណង​ចង់​ក្រសោប​យក​អតិថិជន​ Sedan ដែល​ក្រុមហ៊ុន​ដទៃ​បាន​បោះ​បង់​ចោល ដោយ​ក្រុមហ៊ុន Toyota បាន​បន្ថែម​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​រថយន្ត Sedan ខ្លួន។

កាល​ពី​ថ្មីៗ​នេះ Toyota ទើប​បាន​ប្រកាស​ចេញ​ប្រភេទ Nightshade Editions សម្រាប់​រថយន្ត Camry SE ឆ្នាំ ២០២១ និង​រថយន្ត Avalon XSE ឆ្នាំ ២០២១ ហើយ​បញ្ចេញ​លក់​រថយន្ត Corolla Hybrid និង​រថយន្ត​ Prius, Avalon, Camry ប្រភេទ AWD ទៀត​ផង។ នៅ​មាន​ច្រើន​ជម្រើស​ទៀត​ដែល​ក្រុមហ៊ុន Toyota នឹង​ផ្ដល់​ជូន ក្នុង​នោះ​រួម​មាន​រថយន្ត​អ៊ីដ្រូហ្សែន Mirai ជំនាន់​ទី​ពីរ ដែល​នឹង​លក់​នា​ចុង​ឆ្នាំ​នេះ។

អនុប្រធាន​ទីផ្សារ​ប្រចាំ​នៅ​ Toyota USA បាន​មើល​ឃើញ​អំពី​អនាគត​​ត្រចះ​ត្រចង់​​នៃ​រថយន្ត Sedan ​របស់ Toyota។ លោក​​ស្រី Cynthia Tenhouse បាន​និយាយ​ដូច​នេះ​ថា ៖ “ពិត​ជា​អស្ចារ្យ​មែន​ដែល​តម្រូវ​ការ​រថយន្ត Sedan នៅ​មាន​ច្រើន​គួរ​សម។ យើង​រំពឹង​ថា​រថយន្ត Sedan ដែល​លក់​ចេញ​នៅ​ឆ្នាំ ២០២០ អាច​នឹង​មាន​ចំនួន ៤​លាន​គ្រឿង។ ហើយ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​កាន់​កាប់​ចំណែក​ទីផ្សារ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច។ សម្រាប់​យើង យើង​រំពឹង​ថា​នឹង​លក់​រថយន្ត Sedan បាន​ប្រមាណ ៧៥ម៉ឺន​គ្រឿង​នៅ​អាមេរិក​នា​ឆ្នាំ​នេះ។”

គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota អាច​លក់​រថយន្ត​បាន ២,១​លាន​គ្រឿង​នៅ​អាមេរិក ដែល​មាន​ជិត ៧៧​ម៉ឺន​គ្រឿង ជា​រថយន្ត Sedan៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម