[ចំណេះដឹងយានយន្ត] ប៉ុន្មានថ្ងៃនេះភ្លៀងបានបង្អុរស្ទើររៀងរាល់ថ្ងៃដែលធ្វើឲ្យគ្រប់ផ្លូវទាំងអស់ពោរពេញទៅដោយទឹកដក់ ជាពិសេសផ្លូវមួយចំនួនលេចទឹកតែម្តង។ យ៉ាងណាមិញ ការធ្វើដំណើរដោយរថយន្តនា រដូវភ្លៀងបានផ្តល់នូវភាពងាយស្រួលមួយកម្រិត ប៉ុន្តែគួរចងចាំថាការបើកបររថយន្តលើផ្លូវមានទឹកដក់ និងផ្លូវលិចទឹកគឺងាយធ្វើឲ្យរថយន្តរងផលខូចខាតបំផុត។ ជាក់ស្តែងអ្នកមិនអាចដឹង ច្បាស់ទេថានៅខាងក្រោមទឹកលេច ឬគ្រលុកទឹកមានជម្រៅជ្រៅប៉ុណ្ណានោះទេ ហើយវាតែងតែបង្កបញ្ហាធ្វើឲ្យកង់រថយន្តជាប់ផុងឬធ្លាក់គ្រលុកជ្រៅអុកប៉ះពាល់ដល់គ្រឿងខាងក្រោមរបស់ រថយន្ត។
នៅពេលបើកបរលើផ្លូវលេចទឹក ប្រសិនបើសង្កេតឃើញកម្រិតទឹកលេចជិតដល់បំពង់ស៊ីម៉ាំង គួរប្រញាប់បើកបរស្វែងរកទីទួល ឬផ្លូវផ្សេងដែលប្រសើរជាងនេះ។ ការព្យាយាមបើកបរលើផ្លូវលេចទឹកអាចធ្វើឲ្យរថយន្តឆ្លងភ្លើង និងខូចខាតដល់ប្រព័ន្ធអគ្គិសនី។ ដើម្បីដឹងពីជម្រៅទឹកលេចផ្លូវ អ្នកត្រូវប្រមើលមើលជម្រៅទឹកលិចទៅលើរថយន្តដទៃ ដើមឈើ និងអ្នកថ្មើរជើងដែលឋិត នៅលើផ្លូលេចទឹកមុនពេលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់។ ក្នុងករណីចាំបាច់ត្រូវតែបើកបរលើផ្លូវលេចទឹក អ្នកត្រូវបើកបរល្បឿនយឺតៗ និងរក្សាល្បឿនឲ្យថេរ។
ខណៈពេលកំពុងបើកបរអ្នកត្រូវដាក់ជើងលើឈ្នាន់ហ្វ្រាំងជានិច្ចដើម្បីងាយស្រួលប្តូរ លេខភ្លាមៗ និងទប់ទល់រាល់ពេលមានឧបសគ្គ។ ត្រូវប្រុងប្រយ័ត្នបំផុតកុំឲ្យទឹកលេចចូលទៅក្នុងបំពង់ស៊ីម៉ាំង ពីព្រោះវាអាចធ្វើឲ្យម៉ាស៊ីនគាំងមួយរំពេច។ ករណីទឹកលេចចូលបំពង់ស៊ីម៉ាំង ធ្វើឲ្យម៉ាស៊ីនគាំងលែងដំណើរការ អ្នកមិនចាំបាច់បើកគម្របឡានត្រួតពិនិត្យ ឬជួសជុលនោះទេ វិធីតែមួយគត់គឺប្រញាប់ស្វែងរកជំនួយដើម្បីធ្វើការសណ្តោងយកទៅយានដ្ឋានទើបប្រសើរ។ សរុបមកការបើកបរលើផ្លូវដក់ទឹក និងផ្លូវលេចទឹកគឺងាយប្រឈមគ្រោះថ្នាក់ និងបង្កបញ្ហាដល់ម៉ាស៊ីនរថយន្តបំផុត។ គួរព្យាយាមជៀសវាងបើកបរលើផ្លូវទាំងនេះ ប្រសិនបើមិនចង់ចំណាយ ប្រាក់ច្រើនលើការជួសជុល៕