[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញចេញ Concept រថយន្តអគ្គិសនីចំនួនពីររួចមក Sony បានប្រកាសកាលពីដើមឆ្នាំ២០២២នេះថា ខ្លួនកំពុងស្វែងរកដៃគូដើម្បីចូលរួមក្នុងវិស័យរថយន្តអគ្គិសនីជាមួយគ្នា។
ក្រោយមកនៅដើមខែមីនា ការស្វែងរកនោះក៏ត្រូវបានបញ្ចប់ ដោយ Sony បានរកឃើញ Honda ជាដៃគូ និងបានសម្រេចថាបង្កើតក្រុមហ៊ុនមួយរួមគ្នា ដោយមានចំណែកម្នាក់ពាក់កណ្ដាលក្នុងក្រុមហ៊ុន។ ពេលនេះឈ្មោះក្រុមហ៊ុនត្រូវបានប្រកាសចេញជាផ្លូវការហើយគឺមានឈ្មោះថា Sony Honda Mobility Inc. មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលចាប់ផ្ដើមបង្កើតឡើងនៅមុនបំណាច់ឆ្នាំនេះ។
ការលក់រថយន្តអគ្គិសនីក្រោមក្រុមហ៊ុនថ្មីនេះ បានកំណត់ថានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២៥ នៅពេលដែល Sony និង Honda ក៏នឹងចាប់ផ្ដើមផ្ដល់សេវាកម្មរថយន្តដូចគ្នា។ ដំណឹងដទៃទៀតនៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែតាមការប្រកាសបានឲ្យដឹងអំពីការបែងចែកតួនាទីរបស់ក្រុមហ៊ុនទាំងពីរ។
ក្រុមហ៊ុន Honda និង Sony មានគោលបំណងផ្ដល់ជូនរថយន្តអគ្គិសនីដែលមានតម្លៃ ប៉ុន្តែគេនៅមិនច្បាស់ថារថយន្ត Concept Vision-S 01 និង Vision S-02 នឹងជាផ្នែកមួយនៃរថយន្តដែលគ្រោងដាក់លក់ឬយ៉ាងណា៕