ពិបាករកទិញពេក ធ្វើឲ្យឡាន Land Cruiser ឡើងថ្លៃមួយទ្វេជាពីរនៅជប៉ុន

[ទីផ្សារបរទេស] តម្លៃនៃរថយន្ត Toyota ជាច្រើនម៉ូដែលកំពុងតែកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តមួយទឹកនៅ​ឯ​ជប៉ុន ដោយ​សារ​ក្រុមហ៊ុន Toyota ពិបាកក្នុងការផ្គត់ផ្គង់រថយន្តឲ្យបានគ្រប់ចំនួន អំឡុងពេលដែលត្រូវប្រឈមមុខនឹងវិបត្តិខ្វះខាតឈីបសកល។

តម្លៃជាមធ្យម​សម្រាប់​រថយន្ត Toyota Land Cruiser ZX ស៊េរីឆ្នាំ២០២២ មួយ​ទឹក បានហក់​ឡើង​រហូតដល់ប្រមាណ ១២៩ ០០០​ដុល្លារ ក្នុងមួយ​គ្រឿង​កាល​ពី​ចុង​ខែកក្កដា។ តម្លៃនេះគឺថ្លៃជាងទ្វេដង បើធៀបទៅនឹងតម្លៃលក់រាយចេញ​ដោយ Toyota សម្រាប់​ទីផ្សារប្រទេសជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនតែ Land Cruiser នោះទេដែលឡើងថ្លៃខ្លាំង សូម្បីតែរថយន្ត Alphard មួយ​ទឹក​ប្រភេទ Executive Lounge S បាន​ហក់​ឡើងដល់​ប្រមាណ ៦ម៉ឺនដុល្លារ ធៀបនឹងតម្លៃថ្មីដែលមានប្រមាណ ៥៦ ០០០ដុល្លារ ប៉ុណ្ណោះ។ ​បន្ថែម​ពី​នេះ​តម្លៃ​រថយន្ត Corolla Cross និង Harrier មួយទឹក ក៏ថ្លៃលើសប្រភេទថ្មីបកកេសផងដែរ។

គួរដឹងថា​ Toyota មាន​ការកុម្ម៉ង់ប្រមាណ ១លានគ្រឿងសម្រាប់បំពេញនៅ​ប្រទេសជប៉ុន ដែលតួលេខ​នេះ​គឺ​ស្មើ​នឹង​មួយ​ភាគ​បី​នៃ​ទំហំ​ផលិតប្រចាំឆ្នាំ​នៅ​ជប៉ុន។ បញ្ហាការផ្គត់ផ្គង់ការកុម្ម៉ង់នេះ ធ្វើឲ្យ​ការរង់ចាំសម្រាប់រថយន្ត Land Cruiser កើន​ឡើង​រហូត​ដល់ជាង ៤ឆ្នាំ ខណៈដែលរថយន្តផ្សេងទៀតត្រូវរង់ចាំមួយឆ្នាំទើបអតិថិជនទទួលបានរថយន្តទៅប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម