ភាគច្រើនធ្លាប់តែឃើញមានឡាន Jeep និង Mercedes! តែឥឡូវ Ford Bronco ក៏មានឡានកង់ ៦ (មានវីដេអូ)

កាលពីពេលកន្លងទៅ បងប្អូនទាំងអស់គ្នាប្រាកដជាធ្លាប់តែឃើញរថយន្តប្រភេទកង់ចំនួន ៦ ភាគច្រើនមាននៅលើរថយន្តរបស់ក្រុមហ៊ុន Jeep និង Mercedes ប៉ុន្តែសម្រាប់ថ្ងៃនេះផងដែរ រថយន្ត Ford Bronco ក៏មានរថយន្តកង់ ៦ ដូចគ្នាដែរ នោះគឺរថយន្ត Bronco 6×6។

រថយន្ត Bronco 6×6 ត្រូវបានកែច្នៃឡើងដោយ Apocalypse Manufacturing ដោយបានធ្វើការបន្ថែមនូវប្រវែងនៃតួរខ្លួនរថយន្តរហូតដល់ ០,៩១ម៉ែត្រ ដើម្បីប្រែក្លាយរថយន្តនេះជារថយន្ត 6×6 ដែលមានប្រវែងសរុប ៥,៧១៥មែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ថ្មីជាមួយ កាងមុខថ្មី អមដោយអំពូលភ្លើងចំនួន ២ទាំងសងខាង, ថាសកង់ SFJ ទំហំ​ ២០អ៊ីញ ស្រោបដោយសំបកកង់ Patagonia ទំហំ ៣៧អ៊ីញ, Lift kit ទំហំ ៤អ៊ីញ, ឈ្នាន់ដែកជំហៀង និងកៅអីស្បែកខាងក្នុងពណ៌ត្នោត។

ក្រៅតែពីបានកែប្រែលើតួរខ្លួននៃរថយន្ត ម៉ាស៊ីនដើមរបស់រថយន្តដែលជាម៉ាស៊ីន Twin-turbo V6 គឺរក្សាទុកនៅដដែល ប៉ុន្តែ Apocalypse បានធ្វើការកែច្នៃនៃម៉ាស៊ីននេះ ជាមួយការបន្ថែមនូវ ប្រព័ន្ធប៊ិចកាន់តែធំ និងធ្វើអោយប្រសើរឡើងនូវប្រព័ន្ធបំពងស៊ីម៉ាំង ក្នុងការជួយជម្រុញរថយន្តអោយកាន់តែខ្លាំង ដោយរថយន្តនេះកម្លាំងរហូតដល់ ៤០០សេះ ខ្លាំងជាងរថយន្ត Bronco ធម្មតាដែលមានត្រឹម ៣៣០សេះប៉ុណ្ណោះ។

តាមការលើកឡើងពីយីហោមួយនេះបាននិយាយថា៖ ការផលិតម៉ូឌែលនេះនាពេលអនាគត អតិថិជនអាចរំពឹងបានថានឹងបានឃើញការធ្វើអោយប្រសើរឡើងនូវការអភិវឌ្ឍន៍ម៉ាស៊ីន Supercharged V8 Coyote ៥,០លីត្រ ជាមួយកម្លាំងច្រើនជាង ៧០០សេះ និងការប្រើប្រាស់នូវពណ៌ខាងក្រៅថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម