[បរទេស] នៅក្នុងខែសីហា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានរចនាថ្មីទាំងស្រុង ជាមួយនឹងម៉ាស៊ីនថ្មី និងប្រអប់លេខ ហើយតម្លៃក៏ថ្លៃជាងម៉ូដែលមុនផងដែរ។
ជាមួយគ្នានេះ បើយោងតាមក្រុមហ៊ុន GMC សម្រាប់ព័ត៌មានផ្លូវការ ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ មានតម្លៃចាប់ផ្តើមពី ៣៨ ០៨៥ ដុល្លារជាមួយនឹងតម្លៃដឹកជញ្ចូន ១ ៤៩៥ ដុល្លារ សម្រាប់ម៉ូដែល Elevation 2WD trim ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២២ ដល់ទៅ ៧ ៦០៥ ដុល្លារ ។
ប្រសិនបើយើងក្រឡេកមើលទៅលើម៉ូដែលខ្ពស់ជាងគេរបស់ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ មានតម្លៃយ៉ាងហោចណាស់ចាប់ពី ៦៦ ២៩០ ដុល្លារសម្រាប់ប្រភេទ AT4X Edition ខណៈដែលម៉ូដែលឆ្នាំ ២០២២ មានតម្លៃចាប់ផ្តើមពី ៥៤ ១៤០ ដុល្លារ សម្រាប់ Denali ជាមួយនឹងម៉ាស៊ូតចំណុះ ២,៨ លីត្រ។
គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់ស៊េរីឆ្នាំ ២០២៣ នេះមានជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺម៉ាស៊ីនម៉ាស៊ីនចំណុះ ២,៧ លីត្រ turbocharged ដែលមានកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ អាស្រ័យលើការម៉ូដែល។
សម្រាប់ភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ ត្រូវបានកែលម្អយ៉ាងខ្លាំង គ្រោងនឹងចាប់ផ្តើមផលិតនៅថ្ងៃទី ២៥ ខែមករា នៅរោងចក្រ GM Wentzville ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក ៕