អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវសម្រាប់ឆ្នាំ២០២៦ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនាខាងមុខនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំពោះឯកសារដែលត្រូវភ្ជាប់ជាមួយក្នុងការបង់ពន្ធនេះ បើតាមអគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា យានយន្តដែលបានបង់ពន្ធកន្លងមក ពោលគឺធ្លាប់មានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ ទោះមានបណ្ណសម្គាល់ការបង់ពន្ធ ឬ កាតពន្ធ និងពុំមានកាតពន្ធនេះក៏ដោយ គឺត្រូវបានអនុញ្ញតឲ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំចាំបាច់បំពេញលិខិតប្រកាសបង់ពន្ធនេះទេ។ អ៊ីចឹងត្រង់ចំណុចនេះ លោកអ្នកគ្រាន់តែភ្ជាប់ឯកសារណាមួយដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់សម្រាប់ឲ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ។
ចំណែកយានយន្តថ្មី ដែលត្រូវចុះបញ្ជីលើកដំបូង គឺម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត ឬកាតគ្រី អត្តសញ្ញាណបណ្ណផ្ទាល់របស់ម្ចាស់កម្មសិទ្ធិយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឬឆៀក ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
សូមជម្រាបថា ការបង់ពន្ធនេះ អាចធ្វើនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូជាច្រើនទៀត។ ជាមួយគ្នានេះ ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ផងដែរ សម្រាប់យានយន្តដែលធ្លាប់បង់ពន្ធកន្លងមក។ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកទៀតផងដែរថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងការពិន័យបង់ពន្ធបន្ថែមគុណនឹង២ ពោលគឺស្មើនឹង ១០០ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់៕




















