ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦នេះ បានចាប់ផ្តើមធ្វើឡើងហើយពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់នេះ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែមគុណនឹង២ ឬស្មើនឹង ១០០ភាគរយនៃប្រាក់ពន្ធត្រូវបង់តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់មន្រ្តីពន្ធដារទៅប្រចាំការនៅទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) នីមួយៗតែម្តងនៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យពន្ធ និងបន្តចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធនេះ។

សូមជម្រាបថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ អាចធ្វើឡើងបាននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារដៃគូជាច្រើនទៀត។ ជាមួយគ្នានេះ ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ផងដែរ សម្រាប់យានយន្តដែលធ្លាប់បង់ពន្ធកន្លងមក។

ក្រោយពេលបង់ពន្ធរួច ម្ចាស់នៃមធ្យោបាយដឹកជញ្ជូន ត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធ ហើយលតាបត្រនេះ ត្រូវបិទភ្ជាប់ជាមួយនឹងមធ្យោបាយដឹកជញ្ជូន ឬយានយន្តរបស់ខ្លួន ចំណែកឯបង្កាន់ដៃអាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់៕



















