មកស្គាល់ផ្នែកសំខាន់ៗ និងឧបករណ៍មួយចំនួនរបស់រថយន្ត | ចំណេះដឹងយានយន្ត

១. កុំប្រែសស័រ ម៉ាស៊ីន​ត្រជាក់ (A/C Compressor)

ខ្យល់​ក្ដៅ ឬ​ត្រជាក់​នៅ​ក្នុង​រថយន្ត​​ គឺ​អាស្រ័យ​ទៅ​លើ A/C Compressor នេះ​ហើយ​ ដែល​អាច​បង្កើន​សម្ពាធ​ខ្យល់​ និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ខ្យល់​កើន​ឡើង​ ទើប​វា​អាច​ឲ្យ​ខ្យល់​ក្ដៅ​ចេញ​ពី​រថយន្ត​បាន​ដោយ​ងាយ។ ដូច្នេះការ​ថែទាំ​ A/C Compressor ពិត​ជា​សំខាន់ ដោយ​ការ​រក​មើល​ក្រែង​លោ​មាន​ការ​លេច​ធ្លាយធ្វើ​ឲ្យ A/C Compressor អស់​ប្រេង​រំអិល​ និង​អាច​ខូច​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ហ្រ្វាំង (Brake)

ហ្រ្វាំង​ឡាន​មាន​ ២​ប្រភេទ​គឺ​ហ្រ្វាំង​ដៃ ដែល​អ្នក​អាច​ដាក់​បាន​ដោយ​ការ​ទាញ​វា​នៅ​ពេល​ឈប់​ស្ងៀម និង​ហ្វ្រាំង​ជើង ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ភ្លាម​ៗ​ ដើម្បី​បន្ថយ​ល្បឿន ឬ​ចង់​ឈប់​រថយន្ត។ ហ្រ្វាំង​ឡាន​ទាំង​២ នេះ​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ហ្រ្វាំង​ឡាន​ដំណើរការ ដោយ​ប្រព័ន្ធ Hydraulic ដែល​ប្រើ​ប្រេង​ហ្រ្វាំង​ជា​ជំនួយ​ក្នុង​ការ​ចាប់​ហ្រ្វាំង​ម្ដងៗ​។

៣. ឡាបអូសទាញ (Axle)

ប៉ុងរថយន្ត​ជា​ដែក​ ២ដើម​វែង​សម្រាប់​ភ្ជាប់​កង់​មុខ​ទាំង២ និង​កង់​ក្រោយ​ទាំង​២។ ជា​ធម្មតា ឡាបអូសទាញ ២ដើម​នេះ​រឹង​មាំ​មិន​ងាយ​នឹង​ខូច​ខាត​ឡើយ។ អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ​គឺ​ បញ្ហា​ច្រែះ​ចាប់។ ម៉្យាង​ទៀត ការ​ដឹក​លើស​ទម្ងន់​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​​ប៉ុង​ខូច​ទ្រង់ទ្រាយ​ដែរ ឬ​បាក់​ខូច​មិន​អាច​ជិះ​ទៅ​មុខ​តែ​ម្ដង។

៤. ប៊ិច​ប្រេង (Fuel Injector)

ប៊ិច​ប្រេង​ជា​វត្ថុ​តូច​មួយ ដែល​បញ្ជូន​សាំង​ពី​ធុង​សាំង​ ទៅ​កាន់​ម៉ាស៊ីន​ខាង​ក្នុង។ ការ​ស៊ី​ប្រេង ឬ​មិន​ស៊ី​ប្រេង​របស់​រថយន្ត គឺ​អាស្រ័យ​លើ​ប៊ិច​ប្រេង​នេះ​ហើយ។ បើ​អ្នក​ឧស្សាហ៍​ធ្វើ​ការ​លាង​សម្អាត​ប៊ិច​ប្រេង​នោះ រថយន្ត​លោក​អ្នក​នឹង​ស៊ី​ប្រេង​នៅ​កម្រិត​ស្តង់ដារ​របស់​វា​ ហើយ​ក៏​ជួយ​បង្កើន​អាយុ​កាល​ម៉ាស៊ីន​ឡាន​ផង​ដែរ។

៥. កង្ហារ​ម៉ាស៊ីន (Engine Fan)

វា​មាន​នាទី​ដូច​ធុង​ទឹក​ដែរ ពោល​គឺ​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​ឡើង​កម្ដៅ​ខ្លាំង ដោយ​វា​នាំ​ខ្យល់​ពី​ខាង​ក្រៅ​ចូល​មក​ផ្នែក​ក្នុង​នៃ​ម៉ាស៊ីន។ វា​មិន​ចាំ​បាច់​មាន​ការ​ថែ​ទាំ ច្រើន​ឡើយ​តែ​អ្នក​ត្រូវ​ប្រាកដ​ថា ខ្សែ​ពាន​ពី​ម៉ូទ័រ​ទៅ​កង្ហារ​នៅ​ល្អ ដើម្បី​ឲ្យ​កង្ហារ​ដំណើរ​ការ​គ្រប់​ពេល​បញ្ឆេះ​ម៉ាស៊ីន។

៦. អាគុយ​ឡាន (Battery)

អាគុយ​ឡាន​នេះ​សំដៅ​លើ អាគុយ​ដែល​នៅ​ខាង​មុខ​សម្រាប់​បញ្ឆេះ និង​ផ្ដល់​ភ្លើង​ដល់​អំពូល​ជា​ដើម​ មិន​មែន​អាគុយ​សម្រាប់​អូស​រថយន្ត​ទៅ​មុខ​ដែល​ភាគ​ច្រើន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត Hybrid ឬ​ក៏ EV ឡើយ។ អាគុយ​ឡាន នេះ​មាន ២​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់ គឺ​អាគុយ​សើម​ ដែល​ត្រូវ​ការ​ការ​ថែម​ទឹក​អាស៊ីដ​ជា​ប្រចាំ និង​អាគុយ​ស្ងួត​ដែល​មិន​ត្រូវ​ការ​ថែម​ទឹក​អាស៊ីដ​ឡើយ។ ម៉្យាង​ទៀត ការ​ភ្លេច​បិទ​ភ្លើង​ក្នុងរថយន្ត​ក៏​អាច​បំផ្លាញ​ ដល់​អាយុ​កាល​របស់​រថយន្ត​ផង​ដែរ។

៧. ធុង​ទឹក (Radiator)

ធុង​ទឹក​ឡាន​ជា​ផ្នែក​មួយ​ដែល​សំខាន់​បំផុត ដែល​អាច​ឲ្យ​រថយន្ត​​រត់​ទៅ​ផ្លូវ​ឆ្ងាយ​បាន។ បើ​សិន​ជា​គ្មាន​ធុង​ទឹក​ទេ ម៉ាស៊ីន​ឡាន​នឹង​ឡើង​កម្ដៅ​ខ្លាំង​ជា​អតិបរមា ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​លែង​ដំណើរ​ការ ឬ​អាច​ផ្ទុះ​ឆេះ​​បាន​។ ការ​ថែ​ទាំ​ធុង​ទឹក​មាន​ភាព​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ថែម​ទឹក​ឲ្យ​ត្រឹម​ត្រូវ​តាម​កម្រិត​របស់​វា។ ប៉ុន្តែ បើ​សិន​ជា​រថយន្ត​ឆាប់​អស់​ទឹក​ជាង​ធម្មតា ​ប្រហែល​ជា​ត្រូវ​ពិនិត្យ​រកមើល ក្រែង​លោ​មាន​កន្លែង​លេច​ធ្លាយ ឬ​ក៏​ច្រែះ​ហើយ។ បើ​សិន​ជា​មាន​ច្រែះ​មែន គួរ​តែ​ដូរ​ធុង​ទឹក​ឲ្យ​ហើយ​តែ​ម្ដង​ទៅ។

៨. ពីស្តុង (Piston)

ជា​ធម្មតា រថយន្ត​មួយ​មាន​ពីស្តុង ៤ ឬក៏ ៦ ឡើង​ទៅ។ ពីស្តុង​នេះ​ជា​វត្ថុ​ដែល​យោង ស៊ីឡាំង​ចុះ​ឡើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ឲ្យ​រថយន្ត​មាន​ដំណើរ​ការ​ទៅ​មុខ។ នៅ​ពេល​ដែល​ពីស្តុង វិល​បាន​កាន់​តែ​លឿន ល្បឿន​រង្វិល​ជុំ​ក្នុង​មួយ​នាទី​ (RPM) ក៏​កើន​ឡើង​ដែរ។ ដូច្នេះ​ហើយ​បើពីស្តុង​ដំណើរការ​ល្អ នោះ​រថយន្ត​ ក៏​នឹង​ស៊ី​ប្រេង​តិច​ជាង​មុន​ដែរ

៩. អំប្រ៊ីយ៉ា (Clutch)

អំប្រ៊ីយ៉ា ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​រថយន្ត​ដំណើរ​ការ​ដោយ​វាជា​អ្នក​ផ្ដល់​ថាមពល​ទៅ​តាម​ការ​បញ្ជា​របស់​ចង្កឹះ​លេខ។ នៅ​ក្នុង​រថយន្ត​លេខ​ដៃ អំប្រ៊ីយ៉ា​មាន​ឈ្នាន់​សម្រាប់​បញ្ជា​ផ្ទាល់​តែ​ម្ដង​ គឺ​នៅ​ខាង​ឆ្វេង​បង្អស់ ខុស​ពី​រថយន្ត​អូតូ ដែល​មាន​អំប្រ៊ីយ៉ា​ដែរ តែ​មិន​មាន​ឈ្នាន់​សម្រាប់​ឲ្យ​ជាន់​នោះ​ឡើយ។ បើ​និយាយ​ពី​ការ​ថែទាំ​វិញ រថយន្ត​លេខ​ដៃ ស្រួល​ថែទាំ​ជាង រថយន្ត​លេខ​អូតូ​ ឆ្ងាយ​ដោយ​វា​មាន​តម្លៃ​ថោក និង​មាន​ប្រអប់​លេខ​ងាយ​ជួស​ជុល​ជាង​។

១០. ដែក​ដូយ (Car Jack)

ដែក​ដូយ ជា​ឧបករណ៍​សំខាន់​ ដែល​អ្នក​​ប្រើប្រាស់​​រថយន្ត​រាល់​គ្នា​គួរ​តែ​មាន។ វា​ប្រើ​ប្រព័ន្ធ Hydraulic ដើម្បី​លើក​រថយន្ត​ឡើង នៅ​ពេល​ដែល​ចង់​ប្ដូរ​កង់​រថយន្ត។

១១. កង់​សារគួ (Spare Tire)

កង់​សារគួ ​ជា​ផ្នែក​មួយ​នៃ​រថយន្ត​ ដែល​ចាំ​បាច់​បំផុត ព្រោះ​ថា​បើ​សិន​ជា​គ្មាន​កង់​សារគួ​ទេ អ្នក​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ​ ពេល​កង់​រថយន្ត​បែក​តាម​ផ្លូវ។ កង់​សារគួ មាន​ភ្ជាប់​មក​ជាមួយ​រថយន្ត​ស្រាប់​តែ​ម្ដង​ ភាគ​ច្រើន​វា​ដាក់​នៅ​ក្រោម​កម្រាល​ឃ្លុប​រថយន្ត។ ប្រកាគួរ​ដឹង​គឺ អ្នក​ប្រើប្រាស់​គ្រប់រូប​គួរ​ឧស្សាហ៍​មើល​ពី​សម្ពាធ​ខ្យល់​នៅ​ក្នុង​កង់​សារគួ ជៀស​វាង​ពេល​ត្រូវ​ការ​ប្រើប្រាស់​បែរ​ជា​មិន​អាច​ប្រើ​បាន​ទៅ​វិញ។

​១២. ប្រអប់​លេខ (Transmission)

ប្រអប់​លេខ​ជា​បេះដូង​នៃ​រថយន្ត។ វា​បញ្ជូន​ថាមពល​ពី​ម៉ាស៊ីន ទៅ​កាន់​ភ្លៅ​ឡាន ដើម្បី​ឲ្យ​វា​អាច​បង្វិល​កង់​អូស​រថយន្ត​ទៅ​មុខ​បាន។ ប្រអប់​លេខ​ដែល​គេ​ឃើញ​មាន​ក្នុង​រថយន្ត​ភាគ​ច្រើន​ សព្វ​ថ្ងៃ​ជា​ប្រភេទ​លេខ​អូតូ ឯ​លេខ​ដៃ​មាន​មួយៗ និង​សំបូរ​តែ​ចំពោះ​រថយន្ត Pick Up និង​រថយន្ត​ដឹក​ទំនិញ​ប៉ុណ្ណោះ។ អ្នក​បើកបរ​ទាំង​អស់​ ក៏​គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ​មើល​កម្រិត​ប្រេង​ប្រអប់​លេខ​ផង​ដែរ ដើម្បី​ធានា​ថា​ប្រអប់​លេខ​អ្នក​នៅ​តែ​ដំណើរ​ការ​បាន​រលូន។

១៣. បូម (Shock Absorbers)

វា​ជួយ​ស្រូប​យក​រំញ័រ​ពី​ការ​បើកបរ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​រង្គើ​ខ្លាំង​ពេល​​ជិះ​លើ​ផ្លូវ​ដែល​មិន​រាប​ស្មើ។ បើ​គ្មាន​បូម​នេះ​ទេ រថយន្ត​នឹង​ស្រូប​យក​ភាព​ញ័រ​រញ្ជួយ​ទាំង​អស់​ពេល​បើកបរ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក។ ការ​ថែ​ទាំ​បូម​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ការ​បើកបរ​ ប្រុង​ប្រយ័ត្ន​កុំ​បើកបរ​ដោយ​ល្បឿន​លឿន​លើ​ផ្លូវ​ដែល​មាន​ជង្ហុក​ច្រើន និង​កុំ​ផ្ទុក​លើស​ចំណុះ។ ប្រសិន​បើ​ឃើញ​មាន​ប្រេង​ហូរ​ចេញ​ពី​បូម អ្នក​ប្រាកដ​ជា​ត្រូវ​ទៅ​រក​ជាង​ហើយ។

១៤. តម្រង​ខ្យល់ (Air Filter)

តម្រង​នេះ​មាន ២​ប្រ​ភេទ គឺ​មួយ​សម្រាប់​ត្រង​ខ្យល់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន និង​មួយ​ទៀត​សម្រាប់​ត្រង​ខ្យល់​មុន​ពេល​ចូល​ក្នុង​កាប៊ីន​រថយន្ត។ កត្តា​ដែល​ចាំបាច់​នោះ គឺ​ត្រូវ​សម្អាត​តម្រង​ទាំង​ពីរ​នេះ ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ព្រោះ​បើ​តម្រង​ខ្យល់​ចូល​ម៉ាស៊ីន​មាន​ភាព​កខ្វក់ នោះ​ម៉ាស៊ីន​នឹង​ប្រឹង​ខ្លាំង​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​ជាង​មុន ហើយ​បើ​តម្រង​ខ្យល់​ម៉ាស៊ីន​ត្រជាក់ (កាប៊ីន​រថយន្ត) មិន​ស្អាត​វិញ​ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​អ្នក​ជិះ​គ្រប់​គ្នា​បាន។ ប្រសិន​បើ​មើល​ទៅ​តម្រង​នោះ​ចាស់​ខ្លាំង​ពេក គួរ​តែ​ប្ដូរ​វា​ចោល​តែ​ម្ដង​ទៅ។

១៥. ក្បាល​ប៊ូស៊ី (Spark Plug)

ក្បាល​ប៊ូស៊ី​មាន​តួ​នាទី​បញ្ឆេះ​រថយន្ត​ដោយ​វា​នឹង​បង្កើត​ជា​ផ្កាភ្លើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​បង្កើត​ចំហេះ​ជាមួយ​ឥន្ធនៈ។ ក្បាល​ប៊ូស៊ីអាច​ប្រើ​បាន​ប្រហែល ១៦០ ០០០ គ.ម មុន​ពេល​ដែល​វា​ចាប់​ផ្ដើម​មាន​បញ្ហា​ និង​ត្រូវ​ការ​ការ​ប្ដូរ​ថ្មី។

១៦. Catalytic Converter

Catalytic Converter ជា​ផ្នែក​មួយ​នៃ​បំពង់​ស៊ី​​មុាំង​រថយន្ត ដែល​ជួយ​បម្លែង​ផ្សែង​ពុល​ ដែល​ហៀប​នឹង​បញ្ចេញ​ទៅ​ខាង​ក្រៅ ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន។ ការ​លេច​ធ្លាយ​សារធាតុ​រាវ ​ដូច​ជា​ប្រេង​ពី​ក្នុង​ម៉ាស៊ីន​ ឬ​ហ្គាស​ម៉ាស៊ីន​ត្រជាក់​ និង​កម្ដៅ​ខ្លាំង​ហួស​ប្រមាណ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ Catalytic Converter ពុក​ផុយ​បាន។ ជា​សំណាង​ Catalytic Converter មាន​តម្លៃ​ថោក​ និង​ងាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​។

១៧. Muffler

Muffler គឺ​ជា​ផ្នែក​ខាង​ចុង​បំផុត​នៃ​បំពង់​ស៊ីមាំុង ដែល​​ជួយ​កាត់​បន្ថយ​សំឡេង​ដ៏​លាន់​ចេញ​ពី​ម៉ាស៊ីន។ Muffler នឹង​បន្ថយ​អានុភាព​នៃ​សំឡេង​របស់​ម៉ាស៊ីន ដែល​កំពុង​ដំណើរ​ការ​យ៉ាង​ពេញ​ទំហឹង ឲ្យ​មាន​សំឡេង​ស្ងាត់​ជាង​មុន​ មុន​ពេល​បញ្ចេញ​មក​ខាង​ក្រៅ។ ប្រសិន​បើ​បំពង់​ស៊ី​មាំុង​​លាន់​ខុស​ធម្មតា​ អាច​ដឹង​​សញ្ញា​ថា​មក​ពី​ Muffler នេះ​ឯង។

១៨. ឧបករណ៍​វាស់​សម្ពាធ​កង់ (Pressure Gauge)

វា​ជា​ឧបករណ៍​ចាំ​បាច់​មួយ​ សម្រាប់​ដាក់​តាម​រថយន្ត​ព្រោះ​បើ​រថយន្ត​មិន​មាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​វាស់​សម្ពាធ​ខ្យល់​កង់​នោះ​ទេ អ្នក​ពិបាក​ប៉ាន់​ស្មាន​ថា កង់​របស់​អ្នក​ខ្វះ​ឬ​លើស​សម្ពាធ​ណាស់​ ដោយ​គ្រាន់មើល​នឹង​ភ្នែក​ទទេនោះ។

១៩​. ឌីណាម៉ូ (Alternator)

ឌីណាម៉ូ ផលិត​ភ្លើង​ដើម្បី​ជំនួយ​ដល់​អាគុយ​កុំ​ឲ្យ​វា​ធ្វើ​ការ​ធ្ងន់​នាំ​ឲ្យ​ខូច​ខាត​ ក្នុង​រយៈ​ពេល​ខ្លី។ ពេល​រថយន្ត​ចាប់​ផ្ដើម​បញ្ឆេះ ឌីណាម៉ូ​ក៏​ចាប់​ផ្ដើម​វិល និង​ផលិត​ភ្លើង​ដើម្បី​ដំណើរ​ការ​រថយន្ត ជាមួយ​អាគុយ​តែ​ម្ដង ដោយ​ប្រព័ន្ធ​ភ្លើង​របស់​រថយន្ត​ទាំង​មូល​នឹង​ភ្ជាប់​ជាមួយ​គ្នា។ បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ភ្លើង ឌីណាម៉ូ​ក៏​ប្រឈម​មុខ​នឹង​ការ​ខូច​ខាត​ដែរ។ ដូច​គ្នា​នេះ បើ​សិន​ជា​ឌីណាម៉ូ​ខូច​ខាត នោះ​ប្រព័ន្ធ​ភ្លើង​ក៏​អាច​នឹង​ខូច​ខាត​ដូច​គ្នា។ អ៉ីចឹងបើ​មាន​ផ្នែក​ណា​​មួយ​ខូច​ អ្នក​គួរ​ប្រញាប់​ទៅ​រក​ជាង​ទៅ ជា​ជាង​ទុក​យូរ​នាំ​ឲ្យ​អស់​លុយ​ក្នុង​ការ​ជួស​ជុល​ច្រើន។

២០. Power Steering Fluid

ប្រេង​ចង្កូត​សំខាន់​ សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​អស់ ព្រោះ​ថា​បើ​ប្រេង​នេះ​ស្ងួត​អស់ នោះ​ចង្កូត​នឹង​តឹង​ខ្លាំង ឬ​គាំង​មិន​អាច​បើក​បរ​បាន​តែ​ម្ដង អាច​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​បាន។ វិធី​ល្អ​គឺ​ឧស្សាហ៍​ពិនិត្យ​មើល​កម្រិត​ប្រេង ចង្កូត​ហើយ​បញ្ចូល​វា​ឲ្យ​ស្ថិត​នៅ​កម្រិត​ស្តង់ដារ​ជានិច្ច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម