មិនគួរឲ្យជឿ! Aston Martin DB4 ឆ្នាំ ១៩៦២ មើលលែងយល់នេះ​ មានតម្លៃស្មើនឹង Rolls-Royce

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រទិញ និងលក់រថយន្ត Gullwing Motor Cars មានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានស្នើលក់រថយន្ត Aston Martin DB4 ឆ្នាំ ១៩៦២ ក្នុងតម្លៃជិត ៣២៥ ០០០ ដុល្លារ ហើយ​រថយន្ត​នេះ​ស្ទើរតែ​ខូច​ខាត​យ៉ាង​ដំណំ​ទៅ​ហើយ​ ចំណែក​តួ​រថយន្ត​ក៏​រលួយ​ដែរ ធ្វើ​ឱ្យ​ពិបាក​មើល​សភាព​ដើម ។

ជាមួយតម្លៃ ៣២៥ ០០០ ដុល្លារ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​មាន​តម្លៃ​ខ្ពស់​ខ្លាំងក្នុង​ការ​ចំណាយ​លើ​រថយន្ត​ចាស់​ដែល​ត្រូវ​គ្របដណ្តប់ដោយ​ធូលី​ក្នុង​ឃ្លាំង​អស់​រយៈ​ពេល ៣០ ឆ្នាំ​មក​ហើយ។ ប៉ុន្តែយោងទៅតាមអ្នកជំនាញជាច្រើន ដោយពិចារណាលើអាយុ លក្ខខណ្ឌ និងឧបករណ៍នៅខាងក្នុង ម៉ូដែល DB4 ដែលបានជួសជុលខ្លះអាចមានតម្លៃដល់ទៅ ១ លានដុល្លារឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មានអំពីរថយន្ត Aston Martin នេះមានពណ៌ខៀវ និងផ្នែកខាងក្នុងតុបតែងជាមួយស្បែកក្រហម។ បន្ថែមពីនេះ យោងតាមការផ្សាយពាណិជ្ជកម្ម រថយន្តនេះគឺជាអំណោយដែលម្ចាស់រថយន្តបានទទួលនៅពេលធ្វើការនៅហាងលក់គ្រឿងបន្លាស់រថយន្ត។

គួរបញ្ជាក់ផងដែរថា រថយន្ត Aston Martin DB4s បានចាប់ផ្តើមផលិតនៅឆ្នាំ ១៩៥៥ និងដាក់បង្ហាញជាសាធារណៈនៅពិព័រណ៍រថយន្ត London Motor Show ក្នុងឆ្នាំ ១៩៥៨ ហើយមានតែចំនួន ១ ១០០ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិតនៅទូទាំងពិភពលោក ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ រថយន្តនេះដំណើរការដោយម៉ាស៊ីន DB4 ចំណុះ ៣,៧ លីត្រទ ទំហំ ៦ ស៊ីឡាំងប្រភេទ inline-six ផលិតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៣២៥​ ញ៉ូតុនម៉ែត្រ រថយន្តនេះមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៩ វិនាទី និងមានល្បឿនអតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម