[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Aston Martin តែងមានលទ្ធផលហិរញ្ញវត្ថុមិនល្អប៉ុន្មានឡើយ ហើយលទ្ធផលប្រចាំត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បានបង្ហាញថាក្រុមហ៊ុនមានការខាតបង់ទឹកប្រាក់ប្រមាណ ៥៨,៧លានដុល្លារ ខណៈដែលបំណុលសរុបគឺមានជាង ១,១ពាន់លានដុល្លារ កើនឡើងពីបំណុលប្រមាណ ៨៩០លានដុល្លារ ដែលមានកាលពីត្រីមាសទីមួយនៃឆ្នាំ២០២១។
បំណុលត្រង់កន្លែងនេះគឺចង់សំដៅលើបំណុលដែលមានប្រសិនបើក្រុមហ៊ុនបូកបញ្ចូលសាច់ប្រាក់ដែលខ្លួនមាន រួមទាំងលក់ទ្រព្យសម្បត្តិក្នុងតម្លៃនាពេលបច្ចុប្បន្ន ដើម្បីទូទាត់ជូនម្ចាស់បំណុល។ នេះមានន័យថា Aston Martin នឹងនៅតែត្រូវជាប់បំណុលច្រើន ប្រសិនបើក្រុមហ៊ុនត្រូវលក់នៅថ្ងៃស្អែក។
រឹតតែអណោចអធម៌នោះគឺ តម្លៃហ៊ុនរបស់ Aston Martin បានធ្លាក់ចុះ ៩០% ចាប់តាំងពីពេលដែលដាក់លក់ហ៊ុនជាសាធារណៈនៅក្នុងឆ្នាំ២០១៨ ហើយតម្លៃលើទីផ្សារបានធ្លាក់ចុះពីប្រមាណ ៥,៣ពាន់លានដុល្លារ មកនៅត្រឹម ១,៣ពាន់លានដុល្លារប៉ុណ្ណោះ។
ងាកទៅមើលរថយន្ត DBX ដែលជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន ហាក់មិនបានជួយស្វែងរកចំណូលឲ្យបានខ្លាំងក្លាដូចជាការរំពឹងទុកឡើយ ដោយរោងចក្រមានសមត្ថភាពផលិតរថយន្តនេះបាន៥ពាន់គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែវាអាចលក់ចេញបានត្រឹមប្រមាណ ៣ពាន់គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០២១៕