ម៉ូដែលពិសេស Geely Galaxy L7 ប្រើ plug-in hybrid ជិះ ១០០ គីឡូម៉ែត្រ ស៊ីសាំងតែជាង ១ លីត្រប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Geely Galaxy L7 Phantom Editon ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ២៥ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្ត compact SUV នេះ មានប្រវែងតួខ្លួនសរុប ៤ ៧០០ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៥ ម.ម ។ បើនិយាយពីរូបរាងវិញ រថយន្តថ្មីនេះ នៅតែផ្អែកលើភាសារចនារបស់ Galaxy Light ហើយមិនខុសពីម៉ូដែលដើមប៉ុន្មានទេ ដោយនៅផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ alloy wheels និងកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២  អ៉ីញ និងអេក្រង់នៅខាងអ្នកដំណើរទំហំ ១៦,២ អ៉ីញ ភ្ជាប់ដោយមុខងារ Galaxy N OS system ដែលគាំទ្រដោយឈីប Qualcomm Snapdragon 8155 និងបានធ្វើឲ្យប្រសើរឡើងនៅអេក្រង់បង្ហាញលើកញ្ចក់ AR head-up display ទំហំ ២៥,៦ អ៉ីញ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីមវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ plug-in hybrid ជំនាន់ថ្មី ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣៨៤ សេះ និងកម្លាំងរមួល ៥៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣ វគ្គ ។ លើសពីនេះ Phantom Edition អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ៥៥ គីឡូម៉ែត្រ និង ១១៥ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ១,៣ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងចាកសាំងពេញអាចបើកបរបានចម្ងាយ ១ ៣៧០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម