រថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មី តម្លៃខ្ទង់ ៦មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ ជាមួយការរចនាបថថ្មីជាមួយនឹងតម្លៃលក់ចាប់ពី ៦៣ ១៩៤ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW M2 មានប្រវែងតួខ្លួនសរុប ៤ ៥៨០ ម.ម ទទឹង ១ ៨៨៧ ម.ម កម្ពស់ ១ ៤០៣ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤៧ ម.ម ។ សម្រាប់ការរចនា BMW M2 មានបំពាក់ជាមួយប៉ាណាមុខភ្លោះរបស់ BMW ដែលស្ថិតនៅពីលើរន្ធខ្យល់ចេញ-ចូលដែលមាន ៣ផ្នែក ការរចនាបែបនេះជួយដល់ថាមពលម៉ាស៊ីន និងហ្វ្រាំង។ ផ្នែក​ខាង​ក្រោយ​មាន​កាង​ spoiler ដ៏​រឹង​មាំ, ថាសកង់ស្ព័រខាងមុខទំហំ ១៩ អ៊ីញ និងខាងក្រោយទំហំ ២០ អ៊ីញពណ៌ខ្មៅ។ បន្ថែមពីនេះ BMW នឹងបំពាក់ប្រព័ន្ធ Adaptive M Suspension និង Active M Differential ជាឧបករណ៍ស្តង់ដារសម្រាប់ BMW M2 នេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានកៅអី M SPORT ជាការរចនាថ្មីដែលមានឡូហ្គោ M នៅលើកន្លែងទម្រក្បាល។ ខណៈ កៅអីស្ព័រ M Carbon ក៏ត្រូវបានផ្តល់ជូនជាជម្រើសដំបូងគេ ដែលជាផ្នែកមួយនៃកញ្ចប់ Carbon Package ដែលរួមបញ្ចូលដំបូល M Carbon roof ដែលធ្វើឲ្យរថយន្តស្រាលជាងមុន និងកៅអី Carbon seat គឺមានទម្ងន់ ១០,៨ គីឡូក្រាមស្រាលជាងម៉ូដែលស្តង់ដារ។ ផ្នែកខាងក្នុងក៏ទទួលបានអេក្រង់កោងរបស់ BMW ដោយដាក់អេក្រង់មួយគូដែលមានទំហំ ១២,៣ អ៊ីញ និងទំហំ ១៤,៩ អ៊ីញ និងមានមុខងារ M-specific control ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ twin-turbo ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៥៣ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ BMW បានបំពាក់ប្រអប់លេខដៃ ៦ វគ្គជាស្តង់ដារ និងប្រអប់លេខអូតូ ៨ វគ្គជាជម្រើសផងដែរ។

គួរបញ្ជាក់ផងដែរថា BMW នឹងផលិតរថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ នៅរោងចក្រ San Luis Potosí ក្នុងប្រទេសម៉ិកស៊ិកកូ។ ខណៈ ក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងដាក់បង្ហាញរថយន្តប្រភេទ Coupe នេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម