រថយន្ត BYD Tang 9 SUV ប្រភេទ Flagship បំពាក់ជាមួយម៉ូទ័រ៣ អាចផលិតកម្លាំងលើសពី៦០០សេះ ត្រូវបានគេប្រទះឃើញនៅស្ថានីយសាកថ្ម

រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងពិតទាំងស្រុង (គ្មានការបិទបាំង) របស់រថយន្ត SUV ម៉ូឌែលកំពូលថ្មីរបស់ BYD ត្រូវបានផ្សព្វផ្សាយនៅលើអុីនធឺណិត។ រថយន្តនេះមានបិទស្លាកសញ្ញា “Great Tang” នៅត្រង់កន្លែងដាក់ផ្លាកលេខ ហើយត្រូវបានគេជឿជាក់ថាជាស៊េរី Tang 9 ដែលក្រុមហ៊ុនធ្លាប់បានបង្ហើបកន្លងមក ជារថយន្ត SUV ម៉ូឌែលកំពូលក្នុងកម្រិត D-segment ថ្មីរបស់ BYD។

រូបភាពដែលបានលេចធ្លាយបង្ហាញថា រថយន្តនេះបានប្រើប្រាស់ភាសារចនាចុងក្រោយបង្អស់របស់ BYD ដោយមានបំពាក់នូវភ្លើង LED បំភ្លឺពេលថ្ងៃអូសកាត់ទទឹងខាងមុខយ៉ាងទាក់ទាញ រួមជាមួយចង្កៀងមុខបញ្ឈរ ដែលធ្វើឲ្យរថយន្ត SUV នេះមានរូបរាងដ៏មានអំណាច ស័ក្តិសមជារថយន្តម៉ូឌែលកំពូល (Flagship)។

នៅផ្នែកខាងក្រោយ រថយន្តនេះបង្ហាញនូវការរចនាភ្លើងស្ទីបអូសភ្ជាប់គ្នាពីម្ខាងទៅម្ខាង។ នៅពេលពិនិត្យមើលឲ្យកាន់តែជិត ស្លាកសញ្ញា “4.9S” ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ជាការបង្ហាញថារថយន្តម៉ូដែលថ្មីនេះនឹងមានសមត្ថភាពស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤.៩ វិនាទីប៉ុណ្ណោះ។

វត្តមានរបស់រថយន្ត Tang 9 នៅស្ថានីយសាកថ្មល្បឿនលឿនកម្រិតមេហ្គាវ៉ាត់ (Megawatt Flash Charging) ជំនាន់ទី២ រួមជាមួយនឹងស្លាកសញ្ញា “Great Tang” និង “4.9s” នៅផ្នែកខាងក្រោយ បង្ហាញឲ្យឃើញថា រថយន្តនេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងកម្រិតខ្ពស់ BYD Super e-platform។

ជាការផលិតឡើងជាមួយគ្រោងឆ្អឹង Super e-platform បានបង្ហាញថារថយន្ដ Tang 9 នឹងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិតមេហ្គាវ៉ាត់ (Megawatt Flash Charging) និងម៉ូទ័រអគ្គិសនីមានល្បឿនរង្វិលរហូតដល់ ៣០,០០០ ជុំក្នុងមួយនាទី (30,000 rpm)។ លើសពីនេះទៅទៀត ការធ្វើតេស្តដំបូងលើរថយន្តគំរូ ដែលបានបិទបាំងកន្លងមក បានបង្ហាញថា Datang (Great Tang) នឹងក្លាយជារថយន្តម៉ូឌែលដំបូងគេរបស់ BYD បំពាក់នូវបច្ចេកវិទ្យាបត់កង់ក្រោយ (Rear-wheel steering technology)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tang 9 បង្ហាញខ្លួនជារថយន្តម៉ូឌែលកំពូលខ្នាតធំ (Full-size flagship) មានគោលដៅប្រកួតប្រជែងជាមួយគូប្រជែងដូចជា Aito M9 និង Li Auto L9។ វាមានទំហំធំជាងម៉ូឌែល Tang បច្ចុប្បន្ន ដោយមានប្រវែងតួខ្លួនសរុបលើសពី ៥.២ ម៉ែត្រ និងចម្ងាយរវាងកង់មុខទៅកង់ក្រោយលើសពី ៣.១ ម៉ែត្រ ធ្វើឲ្យវាស្ថិតនៅក្នុងចំណាត់ថ្នាក់រថយន្ត SUV ខ្នាតធំបំផុតពេញលេញ។ យោងតាមកម្លាំងស្ទុះល្បឿនរបស់វា រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ូទ័រចំនួន ៣ (ម៉ូទ័រមុខ ១ និងម៉ូទ័រក្រោយ ២) អាចផលិតថាមពលបានលើសពី ៥០០ គីឡូវ៉ាត់ ឬប្រហែល ៦៧០ សេះឡើងទៅ។

រថយន្ដ Tang 9 ត្រូវបានប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Dynasty Festival លើកទីពីររបស់ BYD កាលពីថ្ងៃទី ១០ ខែមករា រួមជាមួយស៊េរី Han 9 ផងដែរ។ រថយន្តម៉ូដែលកំពូលទាំងពីរនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងយុទ្ធនាការស្វែងរកឈ្មោះជាសាធារណៈ ដោយក្នុងនោះឈ្មោះ “Great Tang” កំពុងតែនាំមុខគេសម្រាប់រថយន្ត SUV នេះ។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្តទាំងពីរម៉ូឌែលនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅក្នុងឆមាសទី ១ នៃឆ្នាំ២០២៦នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម