រោងចក្រដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា សម្ភោធបើកដំណើរការជាផ្លូវការ មានសមត្ថភាពដំឡើងរថយន្តបានខ្ទង់ជាង ១ពាន់គ្រឿងនៅឆ្នាំ២០២៤ នេះ

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (Cambodia) បានប្រារព្ធនូវកម្មវិធី សម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនូវ រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូមេនូហ្វេកឈឺរីង (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Atsushi Ueno អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ

គម្រោងនេះ ត្រូវបានបង្កើតឡើងដោយផ្នែកលើអនុស្សរណៈយោគយល់ លើកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដែលត្រូវបានចុះហត្ថលេខាររវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho Corporation កាលពីខែវិច្ឆិកា នាំ ២០២២កន្លងទៅ និងបានជ្រើសរើសទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ លើផ្ទៃដី ៤,៣គីឡូម៉ែត្រ ជាមួយការបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លា និងបានបង្កើតនូវកន្លែងការងារចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទគឹរថយន្តលក្ខណ:គ្រួសារ ៧កៅអី  Toyota Fortuner និងភីកអាប់ Toyota Hilux បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤នេះ ដោយក្នុងនោះ Toyota Fortuner អាចផ្គុំ និងដំឡើងបានចំនួន ២៩០ គ្រឿង ខណ: Toyota Hilux ចំនួន ១ ០៣០គ្រឿង។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក៏ បានថ្លែងថា« អបអរសាទរជាមួយថា្នក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា ។ 

ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និងសក្តានុពលនៃប្រទេសកម្ពុជា ជូនបណ្តាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់ ។ 

ជាមួយនេះ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តន៍ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងដំណាក់កាលជាង ៣០ឆ្នាំ កន្លងមកនេះ ពោលគឺចាប់ពីដំណាក់កាលជាប្រទេសផ្តល់ជំនួយដ៏ធំមួយរបស់កម្ពុជា ក្លាយជាប្រទេសដែលខិតខំកៀរគរ ជ្រោមជ្រែង ប្រមូល និងបង្កើនបរិមាណវិនិយោទុន និងវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ។ សម្តេច ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាល និងវិនិយោគិនជប៉ុន នឹងបន្តជំរុញការវិនិយោគបន្ថែមទៀតលើវិស័យយានយន្ត ក៏ដូចជាវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែ មខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋយើង ។ ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា  បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន ៥  រួមមាន  ១- យុទ្ធសាស្រ្ត និងការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម  និង៥- បរិយាកាសធុរកិច្ច និងការវិនិយោគ។»

ក្នុងនោះ លោក Ichiro Kashitani នាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho ក៏បានមានប្រសាសន៍ថា «ការចាប់ផ្តើមសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ត គឺជាការចាប់ផ្តើមនូវសមិទ្ធផលថ្មី ក្នុងប្រវត្តិសាស្ត្រ អស់រយៈពេល ៣០ ឆ្នាំមកហើយ របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងព្រះរាជាណាចក្រកម្ពុជា។ Toyota Tsusho នឹងបន្តជំរុញធុរកិច្ចរបស់កម្ពុជា ក្នុងគោលបំណងចូលរួមចែករំលែកនូវសុភមង្គល ទៅដល់ប្រជាជនកម្ពុជា ដោយសម្រេចឱ្យបាននូវ អព្យាក្រឹត្រកាបូន និងលើកស្ទួយធនធានមនុស្ស។

ទីផ្សារយានយន្តនៅកម្ពុជា ត្រូវបានរំពឹងទុកថានឹងបន្តរីកចម្រើនឥតឈប់ឈរ ស្របទៅតាមកំណើនសេដ្ឋកិច្ចក្នុងប្រទេស។  តាមរយៈការបង្កើតរោងចក្រផ្គុំ និងដំឡើងយានយន្ត យើងនឹងបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយចូលរួមធ្វើការយ៉ាងស៊ីជម្រៅ ក្នុងខ្សែចង្វាក់ផលិតកម្មប្រកបដោយគុណតម្លៃ, ការបង្កើតការងារ, និងការអភិវឌ្ឍធនធានមនុស្ស។»

ជាមួយការចាប់ផ្តើមរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជានេះ គឺជាការបោះជំហានថ្មីមួយទៀតសម្រាប់របស់ក្រុមហ៊ុនតូយ៉ូតា ក៏ជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាយើង និងក៏ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថាគិតមកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងសរុបចំនួន ៦ហើយ ដោយបូកទាំងរោងចក្រផ្គុំ និងដំឡើងរបស់តូយ៉ូតានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម