[ទីផ្សារបរទេស] ចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូង សារជាថ្មីមក រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ ទទួលបានប្រតិកម្មមិនល្អជាច្រើន ដោយសារតែការឌីហ្សាញរបស់វា។
ថ្វីបើមិនមានផ្តល់ជម្រើសតួខ្លួន Coupe រថយន្តប្រភេទ Liftback Sedan នេះ មានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Honda Civic ជំនាន់ចុងក្រោយដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កាប៊ីនខាងក្នុងរបស់វា ក៏មានការរៀបចំស្រដៀងគ្នាដែរ។
បើយោងតាមរូបភាពបែកធ្លាយចុងក្រោយបំផុត នៃកាប៊ីនខាងក្នុងរបស់រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញនូវការរៀបចំ និងឌីហ្សាញស្រដៀងគ្នាខ្លាំង ជាមួយនឹង Honda Civic ដោយក្នុងនោះរួមមានទាំងតាប្លូ, ប្លុកបញ្ជាផ្នែកកណ្តាល និង ជុំវិញអេក្រង់កម្សាន្តទៀតផង។
យ៉ាងណាក៏ដោយ គេបានដឹងរួចមកហើយថា ក្រុមហ៊ុន Acura ដែលជាផ្នែកមួយនៃក្រុមហ៊ុន Honda នេះ នឹងបញ្ចេញរថយន្តម៉ូដែលពិសេស Acura Integra Type S ទៀត ហើយវាក៏នឹងជាប្រភេទមានកម្លាំងខ្លាំង និងមានការឌីហ្សាញប្លែកខុសពីម៉ូដែលស្តង់ដារដែរ។
ទោះជាយ៉ាងណាក៏ដោយ គេក៏មិនរំពឹងដែរថា Integra Type S ដែលអាចបង្ហាញខ្លួនក្នុងឆ្នាំ២០២៣ នឹងមានការឌីហ្សាញកាប៊ីនខាងក្នុង ប្លែកខុសពី Integra ធម្មតាខ្លាំង៕
ប្រភព ៖ carbuzz