វាសនាឡាន Kia មួយនេះ ទំនងរស់មិនដល់ឆ្នាំ២០២៣!

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Kia បានលក់រថយន្តដាច់ជាមធ្យមចំនួន ២៣ ៩៥៤គ្រឿងក្នុងមួយឆ្នាំ ក្នុងទីផ្សារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ មក។ ចំនួននេះមិនល្អប្រសើរប៉ុន្មានឡើយ ហើយជាការធ្លាក់ចុះយ៉ាងខ្លាំងទៀតផង បើប្រៀបធៀបជាមួយនឹងចំនួន ៤០ ៧៤២គ្រឿង នៅក្នុងឆ្នាំ២០១៣។

ដោយសារតែចំនួនលក់ធ្លាក់ចុះខ្លាំង ដូច្នេះហើយរថយន្ត Kia Rio ទំនងជាអាចត្រូវឈប់ផលិត។ ថ្វីបើមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែគេហទំព័រអាមេរិក Automotive News បាននិយាយថា រថយន្តនេះទំនងជានឹងត្រូវឈប់ផលិត បន្ទាប់ពីស៊េរីឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើរថយន្តប្រភេទ Subcompact នេះត្រូវឈប់ផលិត នោះរថយន្ត Kia Forte នឹងក្លាយជាម៉ូដែលថោកបំផុតរបស់ក្រុមហ៊ុននេះ ជាមួយនឹងតម្លៃចាប់ពី ១៧ ៨៩០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ថ្លៃជាងម៉ូដែល Rio ត្រឹមតែ ៩០០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រថយន្ត Kia Rio ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២០សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម