សម្ព័ន្ធមិត្តក្រុមហ៊ុនឡានធំជាងគេលើលោក គ្រោងប្រកាសចេញឡានអគ្គិសនីឲ្យបាន ៣០ម៉ូដែល ត្រឹមឆ្នាំ២០៣០

[ទីផ្សារបរទេស] ប្រភពជិតស្និទ្ធមួយបានបង្ហើបឲ្យ Reuters បានដឹងថាសម្ព័ន្ធមិត្តក្រុមហ៊ុនរថយន្តធំជាងគេលើលោកគឺ Renault-Nissan-Mitsubishi នឹងប្រកាសផែនការបង្កើនការវិនិយោគលើរថយន្តអគ្គិសនី ដោយរួមសហការគ្នាផលិតរថយន្តអគ្គិសនីជាច្រើនគ្រឿង។

សម្ព័ន្ធមិត្តមួយនេះគ្រោងបណ្ដាក់ទុនទឹកប្រាក់ជាង ២០ពាន់លានអឺរ៉ូ (ប្រមាណ២៣ពាន់លានដុល្លារ) នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នៅត្រឹមឆ្នាំ២០៣០ រថយន្តអគ្គិសនីជាង៣០ម៉ូដែល រំពឹងថានឹងបង្ហាញខ្លួន ដែលប្រើប្រាស់គ្រោងឆ្អឹងប្រាំប្រភេទផ្សេងគ្នា។ គួរដឹងថាសម្ព័ន្ធមិត្តមួយនេះបានចំណាយទឹកប្រាក់ ១០ពាន់លានអឺរ៉ូ រួមមកហើយក្នុងរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពបានឲ្យ Reuters ដឹងថា គ្រោងឆ្អឹងប្រាំដែលម៉ាករថយន្តទាំងបីចែកគ្នាប្រើប្រាស់ គឺទំនងជាមានចំណែក ៩០% នៃរថយន្តអគ្គិសនីដែលគ្រោងប្រកាសចេញត្រឹមឆ្នាំ២០៣០។ ក្នុងនោះដែរ គ្រោងឆ្អឹងចំនួនបួនបានអភិវឌ្ឍន៍ និងចាប់ផ្ដើមប្រើប្រាស់រួច ដោយមានគ្រោងឆ្អឹងមួយគឺបានប្រើលើរថយន្ត Nissan Ariya និងរថយន្ត Renault Megane ប្រភេទអគ្គិសនីសុទ្ធ។

រំលឹកផងដែរថា Nissan បានប្រកាសកាលពីចុងឆ្នាំកន្លងទៅ ថានឹងចំណាយទឹកប្រាក់ ១៨ពាន់លានដុល្លារ ក្នុងអំឡុងពេល៥ឆ្នាំបន្ទាប់ខាងមុខ ដើម្បីពន្លឿនផែនការរថយន្តអគ្គិសនី។ ម៉ាករថយន្តមួយនេះគ្រោងប្រកាសចេញរថយន្តអគ្គិសនីចំនួន២៣គ្រឿង នៅត្រឹមឆ្នាំ២០៣០ ដែលមានរួមទាំងរថយន្ត Hybrid ផង។

ដោយឡែកក្រុមហ៊ុន Renault ឯណោះបានសម្រេចចិត្តផ្លាស់ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុប នៅត្រឹមឆ្នាំ២០៣០ ដោយមហិច្ឆតានេះគឺមិនមាននៅលើទីផ្សារផ្សេងឡើយ ហើយក៏មិនអនុវត្តន៍លើម៉ាករថយន្ត Dacia របស់ខ្លួនដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម