សំឡេងរំខានលើរថយន្តទាំង ១៣ប្រភេទ បង្ហាញថារថយន្តរបស់អ្នកកំពុងមានបញ្ហា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តខូច ឬមានបញ្ហាតែងតែបង្ហាញសញ្ញាខុសៗគ្នា ដូចជា មានភ្លើងលោកឡើងលើតាប្លូ, ញ័រដៃចង្កូត និងមានសម្លរងជាដើម។ ថ្ងៃនេះក្រុមការងារ ខេមបូអូតូ សូមលើកយកនូវរថយន្តមានបញ្ហាបង្ហាញតាមសម្លេង មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង ពីព្រោះសម្លេងអាចប្រាប់ដោយផ្ទាល់អំពីភាពមិនប្រក្រតីផ្សេងគ្នាដែលអ្នកជាម្ចាស់រថយន្តគួរគប្បីយកចិត្តទុកដាក់ប្រុងប្រយ័ត្នក៏ដូចជាយកទៅត្រួតពិនិត្យជួស ជុលដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាយានយន្តឲ្យមានអាយុកាលយូរអង្វែង។

១. សំឡេងពេលបង្វិលចង្កូត៖ សំឡេងនេះបន្លឺឡើងនៅពេលបង្វិលចង្កូតត្រង់ផ្លូវបត់ដែលបណ្តាលមកពីកង្វះប្រេងត្រង់អ័ក្សបង្វិលចង្កូតភ្ជាប់ទៅនឹងកង់។ ដូចនេះវាត្រូវការប្រេង រំអិលបន្ថែម ឬប្រសិនបើឃើញថាខូចខាតខ្លាំងគួរតែផ្លាស់ប្តូរថ្មីតែម្តង។

២. សំឡេងកកិតពេលចាប់ហ្វ្រាំង៖ អាចមកពីបញ្ហាជើងហ្វ្រាំង ឬផ្នែកផ្សេងទៀតរងការខូចខាត ឬដំឡើងមិនបានត្រឹមត្រូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣. សំឡេងបក់ឮភឹបៗ៖ ស្តាប់ទៅហាក់បីដូចសំឡេងសត្វទទះស្លាបដែលអាចមកពីកង្ហាម៉ាស៊ីនត្រជាក់មិនប្រក្រតីឬខូចខ្សែពាន។

៤. សំឡេងកកិតនៅពេលប្តូរលេខដៃ៖ នេះប្រហែលមានបញ្ហាលើអំប្រាយ៉ាដែលអាចសឹករេចរិល។ វាក៏អាចបង្ហាញអំពីបញ្ហាធ្ងន់ធ្ងរជាមួយនឹងប្រព័ន្ធប្រអប់លេខ។

៥. សំឡេងក្រោមគម្របម៉ាស៊ីនឡាន៖ សំឡេងនេះបន្លឺឡើងនៅក្រោយពេលពន្លត់ម៉ាស៊ីនដែលជាសញ្ញានៃការលេចធ្លាយទឹកបញ្ចុះកំដៅម៉ាស៊ីន ឬលេចធ្លាយប្រេងទៅលើផ្នែកណា មួយនៃម៉ាស៊ីន ឬបំពង់ខ្យល់។ ប្រសិនបើមិនជួសជុលទេអាចបណ្តាលឲ្យម៉ាស៊ីនរថយន្តឡើងក្តៅ និងស៊ីប្រេងឥន្ទនៈខុសធម្មតា។

៦. សំឡេងផ្ទុះ៖ បណ្តាលមកពីការចាប់ប្រេងឥន្ទនៈដែលមានលាយជាមួយបរិមាណខ្យល់ច្រើន ឬមកពីឧបករណ៍បម្លែងកាតាលីករដំណើរការមិនប្រក្រតី។

៧. សំឡេងចេញពីម៉ាស៊ីន៖ អាចមកពីការប្រើប្រេងឥន្ទនៈមានផ្ទុកឧស្ម័នអូតានខ្ពស់ពេក។

៨. សំឡេងចេញពីក្រោមឡាន៖ រលុងបំពង់ស៊ីមាំង ឬរលុងជើងហ្វ្រាំង។

៩. សំឡេងរោទិ៍ខ្លាំងពេលបង្កើនល្បឿន៖ បញ្ហាចំបងអាចមកពីប្រព័ន្ធបញ្ចេញផ្សែងមានបញ្ហា និងមួយវិញទៀតបណ្តាលមកពីប្រអប់លេខដែលអំប្រាយ៉ាចាប់ផ្តើមរអិលពេលអស់អាយុកាល ប្រើប្រាស់។

១០. ឮសូរពេលបង្កើនល្បឿន៖ ជាធម្មតាសំឡេងនេះបង្ហាញពីខ្សែពានរលុង ឬអស់គន្លាក់ប្រែទៅជារអិល។

១១. សំឡេងពេលចាប់ហ្វ្រាំង៖ មិនមានអ្វីព្រួយបារម្ភច្រើនទេគ្រាន់តែថាសចាប់ហ្វ្រាំងកខ្វក់ ឬស្បែកហ្វ្រាំងសឹកតែប៉ុណ្ណោះ។

១២. សំឡេងថ្ងូរ៖ អាចស្ពឺ ឬប្រអប់លេខសឹក។

១៣. សំឡេងក្រឹកៗនៅក្នុងម៉ាស៊ីន៖ បញ្ហាធំបំផុតនោះគឺប្រេងម៉ាស៊ីនស្ថិតក្នុងកម្រិតទាប។ ដូចនេះគួរឆែកមើលទៅលើកម្រិតប្រេងម៉ាស៊ីន  ប្រសិនបើឃើញថាមិនមានបញ្ហាអ្វីទេ វាប្រហែល អាចមកពីសម្ពាធប្រេងនៅប្រព័ន្ធណាមួយធ្លាក់ចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម