ហេតុផលដែលគួរប្តូរសំបកកង់រថយន្តចេញភ្លាមៗ នៅពេលមានសញ្ញាប្លែកៗទាំងនេះ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] កង់រថយន្តមានតួនាទីទទួលខុសត្រូវលើការធ្វើដំណើរស្ទើរតែទាំងស្រុងហើយវាក៏អាចមានគ្រោះថ្នាក់ ប្រសិនបើម្ចាស់រថយន្តមិនខ្វាយខ្វល់ពីអាយុកាលប្រើប្រាស់និងមិនត្រួតពិនិត្យសម្ពាធខ្យល់ឲ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរផ្លូវឆ្ងាយ។ ជាក់ស្តែងកន្លងមកករណីរថយន្តក្រឡាប់ និងបុកបណ្តាលមកពីការផ្ទុះកង់ឬសឹកក្រឡាកង់ដែលធ្វើឲ្យរអិលជាដើម។ ដូចនេះដើម្បីសុវត្ថិភាពអ្នកបើកបរគ្រប់រូបគួរប្រញាប់ឆែកមើល និងប្តូរកង់រថយន្តថ្មី នៅពេលមានសញ្ញាប្លែកៗទាំងនេះកើតឡើងខណៈពេលកំពុងបើកបរ។

ឡើងប៉ោងស្នាមឆូត និងប្រេះ៖ សញ្ញាទាំងនេះរមែងធ្វើឲ្យកង់ធូរហើយអ្នកប្រើប្រាស់រថយន្តភាគច្រើនតែងគិតថាវាគ្រាន់តែជាការធូរកង់ធម្មតាប៉ុណ្ណោះ។ យល់ល្អគួរប្រញាប់យកទៅឲ្យយានដ្ឋានឆែកមើលថាតើគួរប្រើប្រាស់បន្ត ឬក៏ត្រូវប្តូរថ្មី។ ករណីឡើងប៉ោង មានស្នាមឆូត ឬប្រេះរបកលើសំបកកង់ វាអាចបង្កគ្រោះថ្នាក់ផ្ទុះកង់រថយន្តនៅពេលណាមួយដោយមិនបានរំពឹងទុក។

សឹកក្រឡាកង់៖ នៅពេលសង្កេតឃើញកង់រថយន្តសឹកក្រឡាស្ទើរតែរលូងគួរប្រញាប់យកទៅប្តូរចេញថ្មីភ្លាមដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារការរអិលពេលបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កង់ធូរញឹកញាប់៖ ប្រសិនបើប៉ះហើយនៅតែធូរឬធ្លាយវាគឺជាសញ្ញាដែលម្ចាស់រថយន្តគួរតែប្តូរចេញ។ម្ចាស់រថយន្តគួរតែឆែកមើលសម្ពាធខ្យល់ឲ្យបានញឹកញាប់និងប្រើប្រាស់សម្ពាធខ្យល់ឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពផ្លូវ និងអាកាសធាតុ។

កង់ធូរខុសធម្មតា៖ ប្រសិនបើសង្កេតឃើញកង់នៅតែធូរឬធូរខុសធម្មតាបើទោះបើកបរក្នុងអាកាសធាតុត្រជាក់វាក៏ជាសញ្ញាដែលអ្នកបើកបរគួរប្រញាប់យកទៅឲ្យយានដ្ឋានឆែកមើលឬផ្លាស់ប្តូរថ្មីទើបប្រសើរ។

ញ័រ៖ ជួនកាលអាចមានសំឡេងក្រុកៗឬញ័រកើតឡើងនៅពេលកំពុងបើកបរ។ប្រសិនបើមានអារម្មណ៍ថា វាកើតឡើងនៅខាងក្រោមកៅអីមានន័យថាកង់ខាងក្រោយសឹកនិងអស់អាយុកាលប្រើប្រាស់។ ហើយប្រសិនបើចង្កូតញ័រវាបង្ហាញថាកង់កំពុងមានបញ្ហាជាមួយនឹងបូម។ជាមួយគ្នានេះអ្នកជំនាញក៏បានផ្តល់យោបបល់ដែរថានៅពេលមានសំឡេងខុសប្រក្រតី កើតឡើងក្នុងអំឡុងពេលបើកបរ អ្នកបើកបរគ្រប់រូបគួរប្រញាប់យកទៅឲ្យយានដ្ឋានត្រួតពិនិត្យ។ ជាពិសេសចំពោះការប្តូរកង់ គួរប្តូរម្តងទាំងគូ ឬទាំងបួនទើបប្រសើរ ដើម្បីធ្វើឲ្យការបើកបរ មានភាពរលូន និងសុវត្ថិភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម