
បទប្បញ្ញត្តិថ្មីប្រឆាំងនឹងបច្ចេកវិទ្យារបស់ប្រទេសចិន បានដាក់បម្រាមជាធរមានលើក្រុមហ៊ុន Polestar ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន Geely ដោយអាមេរិកបានហាមឃាត់មិនឲ្យ Polestar លក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកទៀតឡើយ ទោះបីជាក្រុមហ៊ុនជាបងប្អូនបង្កើតរបស់ Polestar គឺក្រុមហ៊ុន Volvo ទទួលបានការលើកលែងក៏ដោយ។
គួររំលឹកផងដែរក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Polestar មានមូលដ្ឋាននៅប្រទេសស៊ុយអែត ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន បានប្រកាសពីការដកខ្លួនចេញពីទីផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីត្រូវគេបដិសេធមិនផ្តល់ការលើកលែងពីបទប្បញ្ញត្តិរឹតបន្តឹង ដែលហាមឃាត់ការលក់យានយន្តទាំងឡាយណាដែលមានការប្រើប្រាស់កម្មវិធី (Software) ជាប់ពាក់ព័ន្ធនឹងប្រទេសចិន ឬប្រទេសរុស្ស៊ី។
ចំណែកឯក្រុមហ៊ុនបងប្អូនបង្កើតគឺ Volvo បានគេចផុតពីការហាមឃាត់នេះ បើទោះបីជាទាំង Volvo និង Polestar សុទ្ធសឹងតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនយក្សចិន Geely ដូចគ្នាក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុន Volvo នឹងត្រូវស្វែងរកការលើកលែងជាថ្មីម្តងទៀតពីបទប្បញ្ញត្តិដែលកាន់តែតឹងរ៉ឹងជាងមុន ដែលត្រៀមនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៩ ខាងមុខ ដែលច្បាប់ថ្មីនោះនឹងផ្ដោតទៅលើគ្រឿងបង្គុំ (Hardware) ខ្លាំងជាងកម្មវិធី (Software)។
គិតចាប់ពីស៊េរីរថយន្ដម៉ូឌែលឆ្នាំ 2027 ទៅ ក្រុមហ៊ុន Polestar នឹងលែងមានលទ្ធភាពលក់រថយន្តរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកទៀតហើយ ទោះជាម៉ូឌែល Polestar 3 ដែលផលិតនៅក្នុងរដ្ឋ South Carolina (អាមេរិក) ឬម៉ូឌែល Polestar 4 ដែលដំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានសម្រេចសេចក្តីបដិសេធ មិនផ្តល់ការលើកលែងជូនក្រុមហ៊ុននេះ ពីដំណាក់កាលដំបូងនៃច្បាប់គ្រប់គ្រងយានយន្តតភ្ជាប់បណ្តាញ។
ច្បាប់នេះត្រូវបានគេចែងថា «ហាមឃាត់ការលក់យានយន្តតភ្ជាប់បណ្តាញ ទាំងឡាយណា ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត ស្ថិតក្រោមកម្មសិទ្ធិ ក្រោមការគ្រប់គ្រង ឬស្ថិតក្រោមដែនសមត្ថកិច្ច ឬការបង្គាប់បញ្ជារបស់ប្រទេសចិន ឬប្រទេសរុស្ស៊ី ព្រមទាំងហាមឃាត់រថយន្តទាំងឡាយណា ដែលប្រើប្រាស់កម្មវិធី (Software) ដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ហាមឃាត់នេះផងដែរ»។




















