ឡានប្រើសាំង និងម៉ាស៊ូត កាន់តែជិតអវសានមែនទែនហើយ នៅប្រទេសមួយនេះ

តួលេខអំពីរថយន្តថ្មីដែលបានលក់ចេញលើទីផ្សារប្រទេសន័រវេសប្រចាំខែសីហា បានបង្ហាញថា ៧២% នៃរថយន្តដែលលក់ចេញគឺជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

បន្ថែមពីនេះ ២០,៤% នៃរថយន្តដែលលក់ចេញសរុបគឺជាប្រភេទ Hybrid ឬប្រភេទ Plug-in Hybrid ដែលមានន័យថា ៩២% នៃរថយន្តដែលបានលក់ចេញគឺជាប្រភេទដែលមានប្រើប្រាស់ថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែករថយន្តម៉ាស៊ីនសាំងមានចំណែក ៤,៦% ហើយរថយន្តម៉ាស៊ូតមានចំណែក ៣,២% ប៉ុណ្ណោះ ដែលជាសញ្ញាបង្ហាញថារថយន្តម៉ាស៊ីនពីស្តុងសុទ្ធកាន់តែជិតដល់ថ្ងៃអវសានហើយ។ បើប្រៀបនឹងរយៈពេល១២ខែមុន ពោលគឺប្រៀបនឹងខែសីហាឆ្នាំ២០២០ រថយន្តសាំងមានចំណែក ១១,១% ខណៈរថយន្តម៉ាស៊ូតមានចំណែក ៩,៨%។

ម៉ាករថយន្តដែលលក់ដាច់ជាងគេនៅប្រទេសន័រវេសគឺម៉ាករថយន្ត Tesla ដែលលក់ចេញបាន ២០៨៣គ្រឿង តាមពីក្រោយដោយ Volkswagen ជាមួយចំនួនលក់ ២០២៨គ្រឿង, Audi លក់បាន ១៣២៥គ្រឿង, Toyota លក់បាន ១២០៨គ្រឿង និង Ford លក់បាន ១១៤០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម