ឡានស្ព័រជប៉ុន ប្រើម៉ាស៊ីន Hybrid Acura NSX ឆ្នាំ ២០១៩ ទាំងខ្លាំង និងទំនើប

រថយន្ត​ស្ព័រ​ជប៉ុន Acura NSX ស៊េរី​ឆ្នាំ ២០១៩ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក ដោយ​បាន​ផ្លាស់ប្តូរ​ការរចនា​មួយ​ចំនួន ព្រមទាំង​បន្ថែម​បច្ចេកវិទ្យា​កាន់​តែ​ទំនើប។

រថយន្ត Acura NSX ស៊េរី​ថ្មី​ឆ្នាំ ២០១៩ នេះ បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ប៉ាណា​ខាង​មុខ​ថ្មី ដែល​មាន​ពណ៌​ដូច​ពណ៌​នៃ​តួ​រថយន្ត​តែម្តង។ ជាមួយ​គ្នា​នេះ​ផង​ដែរ ផ្នែក​ខាង​មុខ និង​ចំហៀង រួមទាំង​ខាង​ក្រោយ​របស់​វា បាន​បំពាក់​ទៅ​ដោយ Carbon Fiber ដែល​ជួយ​ឲ្យ​រថយន្ត​កាន់​តែ​មាន​ភាព​ស្រស់ស្អាត ទាក់ទាញ ព្រមទាំង​មាន​ទម្ងន់​ស្រាល​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ស្ព័រ Hybrid នេះ បាន​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ DOHC Twin-turbo ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ (Twin Motor Unit) នៅ​ផ្នែក​ខាង​មុខ ដែល​បង្កើត​កម្លាំង​បាន​សរុប​ចំនួន ៥៧៣ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៩ វគ្គ។

លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ SH-AWD , ប្រព័ន្ធ​បូម Active Magnetorheologial Dampers , ចង្កូត​ប្រើ​ភ្លើង និង ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត សុទ្ធ​តែ​ទទួល​បាន​កំណែ Software ថ្មី​ទាំង​អស់។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ NSX បាន​បំពាក់​កៅអី​ស្បែក (Black Milano Leather) និង Alcantara ដែល​អាច​បញ្ជា​ដោយ​ប្រើ​ភ្លើង មក​ស្តង់ដារ​តែម្តង។ មិន​តែ​ប៉ុណ្ណោះ តួ​ខ្លួន​របស់​រថយន្ត Acura NSX ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ​ជាង​មុន ២៦% នៅ​ផ្នែក​ខាង​មុខ និង ១៩% នៅ​ផ្នែក​ខាង​ក្រោយ។

រថយន្ត Acura NSX ស៊េរី​ឆ្នាំ ២០១៩ នឹង​មាន​តម្លៃ​ចាប់​ពី ១៥៧ ៥០០ ដុល្លារ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម