ឡានអគ្គិសនី Subaru រាងដូចឡានអគ្គិសនី Toyota ចេញតម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru បានប្រកាសថារថយន្ត Solterra ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់តម្លៃចាប់ពី ៤៤ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ Premium ដែលជា​តម្លៃមុនបូកបញ្ចូលថ្លៃដឹកជញ្ជូន ១ ២២៥ដុល្លារ និងថ្លៃប្រាក់ឧបត្ថម្ភ ៧ ៥០០ដុល្លារ។



រថយន្តអគ្គិសនីសុទ្ធដែលគ្រោងចេញលក់នៅអំឡុងឆ្នាំ២០២២នេះ ថ្លៃជាងបន្តិច បើធៀបទៅនឹងតម្លៃរថយន្ត Toyota bZ4X XLE AWD ដែលមានចាប់ផ្ដើមពី ៤៤ ០៨០ដុល្លារ។ តម្លៃខុសគ្នាបែបនេះ អាចនឹងធ្វើឲ្យ Solterra ពិបាកក្នុងការលក់បន្តិច ព្រោះថារូបរាងរបស់វាមិនខុសពី bZ4X ប៉ុន្មានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងផងដែរថា សម្រាប់ប្រភេទ Solterra Limited មានតម្លៃចាប់ពី ៤៨ ៤៩៥ដុល្លារ ហើយប្រភេទខ្ពស់ជាងគេ Solterra Touring មានតម្លៃចាប់ពី ៥១ ៩៩៥ដុល្លារ ដែលមានចំណុចពិសេសៗ និងបច្ចេកវិទ្យាទំនើបៗជាច្រើនលើសពីកម្រិតដទៃទៀត។

រថយន្ត Solterra ទាំងបីប្រភេទ ត្រូវបានបំពាក់មកជាមួយអាគុយចំណុះ ៧២,៨kWh ប្រភេទលីចូម ដែលមានប្រើម៉ូទ័រអគ្គិសនីភ្លោះ និងប្រើប្រព័ន្ធបើកបរប៉ុងពីរ ហើយអាចផលិតកម្លាំងសរុបបាន ២១៥សេះ។ អាគុយនេះដែរ អាចឲ្យប្រភេទ Premium បើកបរបានចម្ងាយ ៣៦៧គ.ម ខណៈដែលប្រភេទ Limited និង Touring អាចបើកបរបានចម្ងាយ ៣៥៧គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម