[ទីផ្សារបរទេស] រថយន្តអគ្គិសនី XPeng G9 បានបង្ហាញវត្តមានកាលពីអំឡុងចុងឆ្នាំ២០២១ ហើយពេលនេះលក្ខណៈសម្បត្តិនៃអាគុយនិងចម្ងាយរបស់វាត្រូវបានបែកធ្លាយលើអនឡាញ តាមរយៈក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។
តាមព័ត៌មានបែកធ្លាយ បង្ហាញថារថយន្ត G9 អាចបើកបរបានចម្ងាយពី ៦៥០គីឡូម៉ែត្រ ដល់ ៧០២គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ខណៈដែលអាគុយគឺមានចំណុះ ៩៦kWh។ គួររំលឹកថារថយន្ត G9 នេះមានប្រើប្រាស់បច្ចេកវិទ្យាអាគុយ XPower 3.0 ដែលមានសមត្ថភាពអាចសាកភ្លើងលឿន ដោយសាកភ្លើង៥នាទី អាចឲ្យរថយន្តបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ។
រថយន្ត XPeng G9 មានចែកចេញជាពីរប្រភេទ ដោយប្រភេទទីមួយគឺប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយ ដែលអាចផលិតកម្លាំងបាន ៣១៣សេះ។ មួយទៀតគឺជាប្រភេទ Performance ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ អាចផលិតកម្លាំងបាន ៥៥១សេះ ដោយរថយន្តកម្លាំងខ្លាំងមានចម្ងាយបើកបរ ៦៥០គ.ម ខណៈដែលរថយន្តកម្លាំងខ្សោយជាង មានចម្ងាយបើកបរ ៧០២គ.ម។
XPeng និយាយថារថយន្ត G9 អាចនឹងបើកលក់មុននៅក្នុងខែសីហា ឆ្នាំ២០២២នេះ ហើយនៅខែកញ្ញានឹងចាប់ផ្ដើមមានវត្តមាននៅតាមទីផ្សារ។ ចំពោះតម្លៃ គេនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ XPeng ធ្លាប់បានហៅរថយន្ត G9 ថាជា SUV អគ្គិសនីល្អដាច់គេដែលមានតម្លៃក្រោម ៥០ម៉ឺនយ័ន ឬស្មើប្រមាណ ៧៤ ៧០០ដុល្លារ៕