ឡាន៧កៅអី Kia Carens លក់តម្លៃជាង ២ម៉ឺនដុល្លារ នៅឥណ្ឌូណេស៊ី

[ទីផ្សារបរទេស] រថយន្ត Kia Carens ស៊េរីឆ្នាំ២០២២ បានប្រកាសចេញលក់ជាផ្លូវការនៅ​ប្រទេសឥណ្ឌូណេស៊ី ដែលជា​ការ​ចេញ​លក់​ដំបូងសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ហើយវានឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់រថយន្ត Mitsubishi Xpander, Toyota Veloz Cross និង Suzuki XL7 ផងដែរ។

នៅប្រទេសឥណ្ឌូណេស៊ី រថយន្ត Kia Carens មានចែកចេញជាពីរប្រភេទ ដោយប្រភេទស្តង់ដារ 1.5MPI មានតម្លៃ​ចាប់​ពី​ប្រមាណ ២៦ ៥០០ដុល្លារ និងមួយទៀតគឺជាប្រភេទ Premium 1.4T មានតម្លៃចាប់ពីប្រមាណ ៣០ ៦០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំងពីរប្រភេទមានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ ១៦អ៊ីញ, កំពូលភ្លើងប្រភេទ LED សុទ្ធ, កញ្ចក់​មើល​ចំហៀង​ជា​ប្រភេទ​អេឡិចត្រូនិក, ដំបូលកញ្ចក់អេឡិចត្រូនិក និងមាន​ប្រើប្រាស់​បូម​មុខក្រោយប្រភេទ McPherson ទៀតផង។

ផ្នែកខាងក្នុងវិញមាន​កៅអីត្រជាក់, ភ្លើងបំភ្លឺខាងក្នុង, កុងទ័រ LCD ទំហំ៤,២អ៊ីញ, ប្រព័ន្ធកម្សាន្តដែលមាន​អេក្រង់​ទំហំ ៨អ៊ីញ មាន​មុខងារ Apple CarPlay និង Android Auto, ឧបករណ៍​បំពងសំឡេង​ចំនួន៨ជាម៉ាក Bose, ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ និង​មាន​កន្លែងសាកថ្មទូរសព្ទដោយមិនប្រើខ្សែផងដែរ។

សម្រាប់ប្រភេទស្តង់ដារ មានបំពាក់កៅអីអង្គុយចំនួន៧ ចំណែកប្រភេទ Premium មាន​កៅអីអង្គុយ​ចំនួន​៦ប៉ុណ្ណោះ។ រថយន្ត​ទាំង​ពីរ​សុទ្ធ​តែ​មាន​ប៊ូតុងដែលអាចចុច​ទម្លាក់​កៅអី​អង្គុយ​ជួរទីពីរ ដើម្បីអាចដើរចូលកៅអីអង្គុយជួរទីបីបានយ៉ាងងាយ។

គួរដឹងថាប្រភេទ 1.5MPI មានប្រើប្រាស់ម៉ាស៊ីន Smartstream Gamma II ចំណុះ១,៥លីត្រ ៥ស៊ីឡាំង អាច​ផលិត​កម្លាំងបាន ១១៣សេះ និងប្រើ​ប្រព័ន្ធបើកបរប៉ុងមុខ ចំណែកប្រភេទ 1.4T ប្រើម៉ាស៊ីន Kappa ចំណុះ១,៤លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged អាច​ផលិត​កម្លាំងបាន ១៣៨សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម