[ទីផ្សារបរទេស] ក្នុងកម្មវិធី Monterey Speed Week ក្រុមហ៊ុន Aston Martin បានប្រកាសចេញរថយន្តម៉ូដែលថ្មីមួយឈ្មោះថា V12 Vantage Roadster ជារថយន្តដែលផលិតមានកំណត់ត្រឹម ២៤៩គ្រឿង ប៉ុន្តែរថយន្តទាំងអស់សុទ្ធតែមានម្ចាស់រួចទៅហើយ។
រថយន្ត V12 Vantage Roadster នេះមានប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ៥,២លីត្រ របស់ក្រុមហ៊ុន Aston Martin ផ្ទាល់ ដែលម៉ាស៊ីនប្រភេទនេះតែងប្រើប្រាស់លើរថយន្តធំៗរបស់ម៉ាកមួយនេះ មានដូចជារថយន្ត DB11 និងរថយន្ត DBS Superleggera ជាដើម។
ម៉ាស៊ីន១២ស៊ីឡាំងនេះ មានសមត្ថភាពអាចផលិតកម្លាំងបាន ៦៩០សេះ ដើម្បីបញ្ចូនថាមពលទៅកង់ខាងក្រោយ តាមរយៈប្រអប់លេខស្វ័យប្រវត្តិ ZF ចំនួន៨វគ្គ។ ការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ប្រើប្រាស់ពេល ៣,៥វិនាទី ខណៈដែលល្បឿនអតិបរមារបស់វាគឺ ៣២២គ.ម/ម៉។
ដោយឡែកចំពោះតម្លៃលក់ ក៏ដូចជាកាលបិរច្ឆេទដឹកជញ្ជូនអតិថិជន មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Aston Martin នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទាំង ២៤៩គ្រឿង សុទ្ធតែមានអ្នកទិញយករួចអស់ទៅហើយ៕