ឡាន Bugatti Centodieci ចាប់ផ្ដើមចូលរោងចក្រផលិត ក្រោយបើកតេស្តបាន ៥ម៉ឺនគីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti គ្រោងនឹងចាប់ផ្ដើមការផលិតរថយន្តពិសេសម៉ូដែល Centodieci ជាផ្លូវការ ក្រោយពីប្រភេទគំរូនៃរថយន្តនេះបានបើកបរសាកល្បងអស់ចម្ងាយ ៥ម៉ឺនគីឡូម៉ែត្រ ដើម្បីធានាថារថយន្តនេះអាចធ្វើដំណើរបានដោយរលូន។

ក្នុងអំឡុងពេលនៃការរត់សាកល្បងជាច្រើនខែ រថយន្តគំរូនៃ Centodieci បានឆ្លងកាត់ការធ្វើតេស្តនៅគ្រប់ស្ថានភាពផ្លូវ ដែលក្នុងនោះរួមមានការរត់សាកល្បងក្នុងល្បឿនលឿន, ការបើកបរលើដងផ្លូវ, ការបើកបរលើផ្លូហាយវ៉េ និងការបើកបរក្នុងទីក្រុងដែលមានចរាចរណ៍កកស្ទះផងដែរ។ រថយន្តគំរូត្រូវបានបើកបរចម្ងាយ ១២០០គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដោយបានឈប់សម្រាប់តែការត្រួតពិនិត្យបច្ចេកទេស ផ្លាស់ប្ដូរអ្នកបើកបរ និងការចាក់ប្រេងតែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ចំណុចនៃរថយន្ត Centodieci ត្រូវបានវាយតម្លៃពីសំណាក់អ្នកជំនាញបើកបរតេស្តដែលពួកគេសុទ្ធតែបានស្គាល់ច្បាស់ពីរថយន្តក៏ដូចជាមុខងារមានលើរថយន្ត និងអាចវាយតម្លៃសូម្បីតែនៅលើចំណុចតូចៗដូចជាលើចង្កូត, ហ្វ្រាំង, ការជាន់ ឬបូមនៃរថយន្តជាដើម។

ការធ្វើតេស្តចុងក្រោយ គឺបានធ្វើឡើងនៅទីលានបើកសាកល្បងនៅប្រទេសអ៉ីតាលី ដើម្បីធ្វើតេស្តលឿនបើកបរអតិបរមា ៣៨០គ.ម/ម៉ ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ៨,០លីត្រ ប្រភេទ quad-turbocharged ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៥៧៨សេះ។

រថយន្ត Centodieci នឹងមានផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ប្រមាណ ៨,៩លានដុល្លារ ក្នុងមួយគ្រឿង ហើយរថយន្តនេះនឹងត្រូវផលិតនៅប្រទេសបារាំង ជាមួយរថយន្តទាំង១០គ្រឿង អាចនឹងបញ្ចប់ការដឹកជញ្ជូននៅត្រឹមចុងឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម