ឡាន SUV ខ្នាតតូចថ្មីរបស់ VW ចូលរោងចក្រផលិតហើយ ខណៈតម្លៃលក់នៅជាអាថ៌កំបាំងនៅឡើយ

ក្រោយពីរោងចក្រនៅ Peubla នៅប្រទេសមិចស៊ីកូរបស់ក្រុមហ៊ុន Volkswagen បានផលិតរថយន្ត Taos បានចំនួនជាង ៤ ៣០០គ្រឿង សម្រាប់ទីផ្សារប្រទេសមិចស៊ីកូហើយនោះ ពេលនេះចូលដល់វគ្គផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញម្ដង។

សម្រាប់អ្នកដែលមិនទាន់ដឹង រថយន្ត Toas គឺជារថយន្ត SUV ខ្នាតតូចថ្មីដែលនឹងស្ថិតត្រូវនៅក្រោមរថយន្ត Tiguan ក្នុងសែស្រឡាយរថយន្តរបស់ក្រុមហ៊ុន Volkswagen។ រថយន្តនេះមានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ១៥៨សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិតថាការផលិតបានចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែតម្លៃរបស់រថយន្ត SUV ខ្នាតតូចថ្មីនេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាទីផ្សារដទៃទៀតនៅតែជាមន្ទិលនៅឡើយ។ គេរំពឹងថាតម្លៃរបស់រថយន្តនេះអាចនឹងធូរថ្លៃជាងរថយន្ត Tiguan ដែលនៅទីផ្សារអាមេរិក រថយន្ត Tiguan មានតម្លៃចាប់ពី ២៥ ២៤៥ដុល្លារ។

គួរដឹងថាក្រុមហ៊ុន Volkswagen បានធ្វើការបណ្ដាក់ទុនជាង ៤០០លានដុល្លារ លើរោងចក្ររបស់ខ្លួននៅ Puebla ប្រទេសមិចស៊ីកូ ដើម្បីត្រៀមសម្រាប់ផលិតរថយន្ត Taos នេះ។ រថយន្ត Toas រំពឹងថានឹងបង្ហាញវត្តមានលើទីផ្សារអាមេរិកនៅចុងត្រីមាសទីពីរឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម