ឡាន SUV ២ម៉ូឌែលរបស់ Honda នឹងឈប់លក់នៅរុស្ស៊ីនៅឆ្នាំ ២០២២

ក្រុមហ៊ុន Honda បានសម្រេចចិត្តថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់រថយន្តថ្មីៗ ដល់អ្នកចែកចាយផ្លូវការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី នៅឆ្នាំ ២០២២ ដើម្បីរៀបចំរចនាសម្ព័ន្ធប្រតិបត្ដិការជាសកលរបស់ខ្លួនឡើងវិញក្នុងពេលមានជំងឺរាតត្បាតជាសកល។ បច្ចុប្បន្នក្រុមហ៊ុន Honda លក់តែ ២ ម៉ូឌែលប៉ុណ្ណោះនៅប្រទេសរុស្ស៊ី ហើយទាំងពីរម៉ូដែលនេះជាប្រភេទរថយន្ត SUV (CR-V និង Pilot) ប៉ុន្តែយីហោជប៉ុននេះ នឹងនៅតែមានវត្តមាននៅក្នុងទីផ្សាររុស្ស៊ី ក្នុងការលក់ម៉ូតូ និងឧបករណ៍ ប្រភេទថាមពល។ បន្ថែមពីនេះ ពួកគេក៏នឹងរក្សាសកម្មភាពដែលទាក់ទង នឹងសេវាកម្មក្រោយពេលលក់រថយន្ត(after-sale service)របស់ខ្លួនផងដែរ។

ក្រុមហ៊ុន Honda ពុំមានរោងចក្រផលិតនៅប្រទេសរុស្ស៊ី ដូចក្រុមហ៊ុន Toyota និង Nissanឡើយ ហើយកាលពីខែមុនពួកគេលក់បានតែ ៧៩ គ្រឿងដែលមានការធ្លាក់ចុះ ៥០% បើប្រៀបធៀបទៅនឹង ២០១៩។ លើសពីនេះទៀតការលក់សរុបរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ គិតត្រឹមខែវិច្ឆិកាបានធ្លាក់ចុះ ១៥% ស្មើនឹង ១ ៣៨៣ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ សម្រាប់ផែនការរបស់ Honda សម្រាប់អឺរ៉ុបក៏បានលើកឡើងផងដែរ នូវការកាត់បន្ថយការប្រើប្រាស់ ប្រេងសាំង និងប្រេងម៉ាស៊ូតនៅត្រឹមឆ្នាំ ២០២៣ ដោយប្រើប្រាស់ម៉ូទ័រអគ្គិសនី ឬប្រភេទHybridជំនួសវិញ ហើយការផលិតរថយន្តអគ្គិសនីពេញលេញ ក្រុមហ៊ុនមិនទាន់ត្រៀមខ្លួនក្នុងការផលិត រថយន្តប្រភេទអគ្គិសនីសុទ្ធនៅឡើយទេ ដោយសាររថយន្តប្រភេទអគ្គិសនី មានតម្លៃថ្លៃជាង រថយន្តប្រភេទធម្មតា ៣០ ទៅ ៥០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម