[ចំណេះដឹងយានយន្ត] ដោយសារតែម៉ាស៊ីនមិនអាចវិលបញ្ឆេះដោយខ្លួនឯងបាន ទើបគេត្រូវការថាមពលពីខាងក្រៅ ដើម្បីបង្វិលម៉ាស៊ីនបញ្ឆេះឲ្យវាដំណើរការបាន។ ជាទូទៅគេច្រើនប្រើម៉ូទ័រអគ្គិសនីរួមបញ្ចូលជាមួយកុងតាក់ម៉ាញេទិច ដែលអាចគាស់ពីញ៉ុងដេម៉ារ័រទៅជាប់ជាមួយពីញ៉ុងកង់យោង(Fly Wheel) ដើម្បីបង្វិលបញ្ឆេះម៉ាស៊ីន។ ម៉ូទ័រដេម៉ារ័រត្រូវមានកម្លាំងខ្លាំង ដែលទទួលថាមពលអគ្គិសនីពីអាគុយ។ ទន្ទឹមនឹងនេះវាត្រូវមានទម្ងន់ស្រាលនិងមានភាពរឹងមាំផងដែរ។ ម៉ូទ័រដេម៉ារ័រ វាបំលែងថាមពលអគ្គិសនីពីអាគុយទៅជាថាមពលមេកានិច ទៅបង្វិលកង់យោងនៅជាប់ម៉ាស៊ីនរថយន្ត។
ម៉ូទ័រដេម៉ារ័រដែលគេប្រើនៅក្នុងរថយន្តមាន កុងតាក់ម៉ាញ៉េទិច (Magnetic Switch) សម្រាប់គាស់ពីញ៉ុងដេម៉ារ័រ (Pinion Gear) ឲ្យចូលប្រទាក់ជាមួយពីញ៉ុងកង់យោងដែលចាប់ភ្ជាប់ជាមួយវីឡឺប្រឺកាំងនិងផ្តល់ចរន្តពីអាគុយឲ្យម៉ូទ័រដំណើរការផងដែរ។ នៅក្នុងរថយន្តទាំងអស់គឺមានប្រើដេម៉ារ័របីប្រភេទគឺ
- ប្រភេទធម្មតា (Conventional Type)
- ប្រភេទពីញ៉ុងជំនួយ (Reduction Type)
- ប្រភេទប្លាណឺទែ (Planetary Type)
ចំពោះរថយន្តដែលប្រើប្រាស់នៅក្នុងតំបន់ត្រជាក់គេនិយមប្រើ ម៉ូទ័រដេម៉ារ័រប្រភេទពីញ៉ុងជំនួយ ដោយសារវាត្រូវការកម្លាំងទាញបង្វិលខ្លាំង ដើម្បីបញ្ឆេះម៉ាស៊ីនដែលមានកំដៅទាប ម្យ៉ាងវិញទៀតដេម៉ារ័រនេះតូច និងមានទម្ងន់ស្រាលទៀតផង ចំពោះដេម៉ារ័រប្រភេទធម្មតាគេនិយមប្រើនៅតំបន់ក្តៅ៕