[ចំណេះដឹងយានយន្ត] អ្នកប្រើប្រាស់រថយន្តទូទៅតែងនិយាយថារថយន្តស៊ីសាំងខុសធម្មតា គឺដោយសារការប្រើប្រាស់រថយន្តចាស់ ឬដឹកទម្ងន់ធ្ងន់ៗជាដើម។ មិនខុសគ្នាប៉ុន្មាននោះឡើយ ប៉ុន្តែវានៅមានកត្តាផ្សេងមួយចំនួន ទៀតដែលម្ចាស់រថយន្តគ្រប់រូបមិនធ្លាប់គិតដល់ ហើយវាក៏បានក្លាយទៅជាហេតុផលចម្បងក្នុងការចាយវាយខ្ចះខ្ជាយទៅលើប្រេងឥន្ទនៈឥតប្រយោជន៍។ ដូចនេះបើសម្គាល់ឃើញថារថយន្ត របស់អ្នកស្រាប់តែស៊ីសាំងខុសធម្មតាសូមប្រមើលទៅលើចំណុចទាំងនេះ។
១. តម្រងខ្យល់កខ្វក់៖ ប្រសិនបើតម្រងខ្យល់កខ្វក់វានឹងធ្វើឲ្យម៉ាស៊ីនពិបាកបឺតស្រូបខ្យល់ចេញចូល និងបណ្តាលឲ្យស៊ីសាំងជាងមុន។ គួរឧស្សាហ៍ពិនិត្យនិងសម្អាតតម្រងខ្យល់ ហើយប្រសិនបើកខ្វក់ខ្លាំងគួរតែប្តូរថ្មីទើបប្រសើរ។
២. ទម្លាប់បើកបរកម្រោល៖ មិនថាតែរថយន្តទេសូម្បីម៉ូតូក៏ស៊ីសាំងដូចគ្នា ប្រសិនបើអ្នកបើកបរឆក់ៗជាន់ហ្គែរខ្លាំងៗ ឬបើកទាំងកម្រោល។ គួរទម្លាប់បើកបរតាមសម្រួល និងធ្វើអារម្មណ៍ឲ្យ ស្រស់ថ្លា ខណៈពេលបើកបរប្រសិនបើអ្នកមិនចង់ចាយវាយច្រើនទៅលើឥន្ធនៈ។
៣. Sensor ទឹកបញ្ចុះកំដៅដើរខុស៖ វាមានតួនាទីតាមដានទៅលើសីតុណ្ហភាពនៃទឹកបញ្ចុះកំដៅក្នុងម៉ាស៊ីនដែលកំពុងដំណើរការ។ ដូចនេះប្រសិនបើ Sensor ទឹកបញ្ចុះកំដៅដើរខុស និងបង្ហាញកម្រិតត្រជាក់ធ្លាក់ចុះខុសធម្មតាឬក៏បង្ហាញត្រជាក់ជានិច្ច មានន័យថាម៉ាស៊ីនគ្រប់គ្រងរថយន្តនៅតែបើកដំណើរការជាប់រហូតបណ្តាលឲ្យទាញយកប្រេងសាំងបន្ថែម។ អ្នកអាច ឆែកមើល Sensor ទឹកបញ្ចុះកំដៅតាមរយៈឧបករណ៍ស្កេន ហើយប្រសិនបើទទួលបានពី ១៨៥ ទៅ១៩៥ ដឺក្រេនោះ Sensor បញ្ចុះកំដៅគ្មានបញ្ហានោះទេ។
៤. ធូរកង់៖ ដើម្បីកុំឲ្យខ្ចះខ្ជាយទៅលើប្រេងសាំងអ្នកត្រូវឆែក និងសប់កង់ទាំងបួនឲ្យត្រូវទៅហ្នឹងខ្នាតសម្ពាធតាមប្រភេទរថយន្តនីមួយៗ ពីព្រោះនៅពេលសម្ពាធខ្យល់កង់ទាបវានឹងបង្កើន កម្លាំងទប់ទល់ការរអិលកាន់តែខ្លាំងដែលជាករណីធ្វើឲ្យម៉ាស៊ីនស៊ីសាំងជាងមុនចន្លោះពី ៥ ទៅ១០ភាគរយ។
៥. Sensor អុកស៊ីសែនចុះខ្សោយ៖ Sensor អុកស៊ីសែននៅលើរថយន្តមានតួនាទីពិនិត្យតាមដានទៅលើខ្យល់ និងប្រេងចម្រុះគ្នា។ ដូចនេះនៅពេលអស់អាយុកាលប្រើប្រាស់ Sensor អុកស៊ីសែននឹងចាប់ផ្តើមប្រែប្រួលទ្រុឌទ្រោមហើយធ្វើឲ្យម៉ាស៊ីនគ្រប់គ្រងរថយន្ត (engine computer)ទាញយកប្រេងឥន្ធនៈបន្ថែម។ លោកអ្នកអាចធ្វើការត្រួតពិនិត្យដោយប្រើឧបករណ៍ស្កេន ឬឧបករណ៍ឌីជីថល Storage oscilloscope ដើម្បីតេស្តមើលទៅលើការឆ្លើយតបរបស់ Sensor អុកស៊ីសែន។ ឬប្រសិនបើឡានរបស់អ្នកបើកបរបានចម្ងាយលើសពី ១៦ម៉ឺនគីឡូម៉ែត្រ គឺដល់ ពេលដែលអ្នកគួរតែផ្លាស់ប្តូរ Sensor ទឹកចេញម្តងទើបប្រសើរ។
៦. ផ្ទុករបស់ឥតប្រយោជន៍ច្រើនក្នុងគូថឡាន៖ នៅពេលរថយន្តធ្ងន់កាលណាម៉ាស៊ីនឡាននឹងប្រឹងបរទៅមុខខ្លាំងកាលនោះដែលជាហេតុធ្វើឲ្យស៊ីសាំងច្រើនផងដែរ។
៧. បើកបររថយន្តមិនបានដោះហ្វ្រាំងដៃ៖ រថយន្តនឹងស៊ីសាំងដូចគ្នានៅពេលដែលអ្នកបើកបរដោយមិនបានដោះហ្វ្រាំងដៃចេញឲ្យអស់ ពីព្រោះម៉ាស៊ីនឡាននឹងបញ្ចេញកម្លាំងប្រឹងអូស ទាញប្រៀបបីដូចផ្ទុកទម្ងន់ដ៏ធ្ងន់ដែរ៕