Ford F-150 ឆ្នាំ ២០២១ បានបង្ហាញរូបរាងរបស់ខ្លួនជាផ្លូវការ ជាមួយការផ្លាស់ប្ដូររូបរាងថ្មី មានបន្ថែមបច្ចេកវិទ្យាទំនើបៗជាច្រើន និងមានបន្ថែមប្រភេទម៉ាស៊ីន Hybrid មកជាមួយទៀតផង។
រូបរាងខាងក្រៅរបស់វាមិនសូវមានការផ្លាស់ប្ដូរខ្លាំងប៉ុន្មានឡើយ ប៉ុន្តែគេអាចមើលដឹងថាវាពិតជាខុសគ្នាពីស៊េរីមុន។ វាមានប្រើប្រាស់អំពូលភ្លើងខាងមុខ ដែលប្រើរចនាបថថ្មីមើលទៅកាន់តែទាន់សម័យ ហើយមានផ្ទាំងប៉ាណាមុខដែលមាន ១១ជម្រើសផ្សេងៗគ្នា សម្រាប់ F-150 ដែលមានសរុប ៦ Option។
ផ្នែកខាងក្នុងមានការផ្លាស់ប្ដូរច្រើនគួរកង់សម្គាល់ ដូចជាមានកុងទ័រប្រភេទឌីជីថលទំហំ ៤អ៊ីញ ហើយ មានអេក្រង់កម្សាន្តទំហំដល់ ៨អ៊ីញ ឬ ១២អ៊ីញ ខុសគ្នាទៅតាម Option រថយន្ត។ F-150 ថ្មីនេះមានបំពាក់មកស្រាប់នូវ SYNC 4 របស់ Ford និងគាំទ្រមុខងារ Apple CarPlay, Android Auto ផងដែរ។ បន្ថែមពីនេះវាក៏មានផ្ដល់ប្រព័ន្ធសំឡេងដ៏ល្អផងដែរ ដែលមានជម្រើសចំនួនពីរគឺប្រព័ន្ធសំឡេង B&O ដែលមានរន្ធបំពងសំឡេងចំនួន ៨ និងមួយទៀតជាប្រព័ន្ធសំឡេង B&O ដែរ មានរន្ធបំពងសំឡេងរហូតដល់ ១៨។
ម៉ាស៊ីនដែលគេប្រើប្រាស់លើ F-150 ឆ្នាំ ២០២១ គឺមានជាច្រើនជម្រើសឲ្យជ្រើសរើស ប៉ុន្តែចាប់អារម្មណ៍ជាងគេត្រង់ប្រព័ន្ធម៉ាស៊ីន Hybrid ដែលអាចបើកបរបានចម្ងាយដល់ខ្ទង់ ១១០០ គីឡូម៉ែត្រពេលចាក់ប្រេងពេញ។ ប្រព័ន្ធនេះមានគួបផ្សំដោយម៉ាស៊ីន EcoBoost V6 ចំណុះ ៣,៥លីត្រ ប្រភេទ Twin-Turbocharged ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៣៥ គីឡូវ៉ាត់ដែលបានថាមពលពីអាគុយចំណុះ ១,៥ kWh។ Ford មិនបានប្រាប់អំពីកម្លាំងសេះរបស់ប្រព័ន្ធ Hybrid នេះទេ ប៉ុន្តែអះអាងថាវាមានកម្លាំងសណ្ដោងដល់ទៅ ៦ តោនឯណោះ។
Ford នៅមិនបានបង្ហាញតម្លៃផ្លូវការសម្រាប់ F-150 ឆ្នាំ ២០២១ នេះនៅឡើយទេ ប៉ុន្តែគេប៉ាន់ស្មានថាវានឹងមានតម្លៃចន្លោះពី ៣ម៉ឺនដុល្លារ ដល់ខ្ទង់ ៧ម៉ឺនដុល្លារ។ រថយន្តភីកអាប់ថ្មីនេះនឹងចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារនាចុងឆ្នាំ ២០២១ នេះ៕