Nissan បានប្រកាសថានឹងបង្ហាញចេញរថយន្ត SUV អគ្គិសនីម៉ូដែល Ariya នាថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ ដែលវានឹងក្លាយជាគូប្រជែងមួយរបស់ Tesla Model Y ពេលចេញលក់លើទីផ្សារ។
រថយន្ត Ariya នេះនឹងចេញលក់មុនគេនៅជប៉ុន ហើយវានឹងចេញលក់លើទីផ្សារសកលនាពេលបន្ទាប់ រួមមានប្រទេសចិន តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ដំណឹងអំពីការចេញលក់នេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងនាថ្ងៃចន្ទនេះ។
Nissan បានប្រកាសកាលពីសប្ដាហ៍មុនដែរថា រថយន្ត SUV អគ្គិសនីរបស់ខ្លួននឹងមានបំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ ProPilot 2.0។ ប្រព័ន្ធនេះអាចឲ្យរថយន្តបង្កើនល្បឿន ជាន់ហ្វ្រាំង និងបង្វិលចង្កូតបានដោយខ្លួនឯង ហើយអ្នកបើកបរមិនបាច់យកដៃកាន់ចង្កូតជាប់គ្រប់ពេលនោះទេ។
ប្រព័ន្ធ ProPilot 2.0 នឹងត្រូវប្រើប្រាស់លើរថយន្ត Nissan ជាង ២០ម៉ូដែល លក់ក្នុងទីផ្សារចំនួន ២០ ជុំវិញពិភពលោក ដែលវាជាផ្នែកមួយនៃផែនការមុខជំនួញរបស់ Nissan ដែលបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។ ក្នុងរយៈពេល ១៨ខែបន្ទាប់ទៀតនោះ ក្រុមហ៊ុននឹងបញ្ចេញលក់រថយន្តអគ្គិសនីថ្មីចំនួន ៨ ម៉ូដែលផងដែរ៕