ក្រុមហ៊ុន Mercerdes-Benz ប្រចាំប្រទេសថៃ បាននិយាយថាការដែលរដ្ឋាភិបាលថៃមិនទាន់មានសកម្មភាពលើច្បាប់ទាក់ទងរថយន្តអគ្គិសនី អាចពន្យារពេលនូវផែនការរបស់ខ្លួន ទាក់ទងនឹងការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ។
ក្រោយពីជួបប្រជុំជាមួយថ្នាក់ដឹកនាំកំពូលរបស់ Mercedes-Benz លោក Supant Mongkolsuthree ជាប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយឲ្យដឹងថា ៖ “Mecedes មិនទាន់ច្បាស់ចិត្តអំពីច្បាប់គាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនីនៅថៃរបស់រដ្ឋាភិបាល ព្រោះថារដ្ឋាភិបាលមិនទាន់មានសកម្មភាពអ្វីបន្ថែមឡើយ។”
ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ ធ្លាប់បានប្រកាសអំពីផែនការពង្រីកមុខជំនួញរថយន្តអគ្គិសនីនៅប្រទេសថៃ តាមរយៈការផលិតរថយន្តអគ្គិសនី និងអាគុយរថយន្តក្នុងស្រុក។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្ហាញឲ្យដឹងថាការផលិតរថយន្តអគ្គិសនី EQC អាចនឹងទៅរួចនៅប្រទេសចិន ហើយកាលពីខែកុម្ភៈបានប្រកាសដែរថាខ្លួននឹងចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីនៅថៃក្នុងអំឡុងឆ្នាំ ២០២១។
ប៉ុន្តែនាពេលនេះ ដោយសារតែមិនច្បាស់លាស់នឹងរដ្ឋាភិបាលថៃនៅឡើយនោះ Mercedes-Benz អាចនឹងត្រូវពន្យារផែនការផលិតរថយន្តអគ្គិសនីនៅថៃរបស់ខ្លួន៕