តួលេខបង្ហាញថា Mercedes កំពុងនាំមុខ BMW នៅអាមេរិកពេលនេះ

កាល​ពី​​ឆ្នាំ ២០១៩ កន្លង​ទៅ ក្រុមហ៊ុន BMW អាច​ដណ្ដើម​តំណែង​​ជា​រថយន្ត​ប្រណីត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ពី Mercedes ប៉ុន្តែ​ឆ្នាំ ២០២០ មាន​ការ​ប្រែ​ប្រួល​ខុស​ពី​មុន។

Automative News បាន​ឲ្យ​ដឹង​ថា​គេ​ប្រមូល​បាន​តួលេខ​នៃ​ចំនួន​លក់​​ពី​ក្រុមហ៊ុន​រថយន្ត​ប្រណីត​ធំៗ​ទាំង​អស់​នៅ​អាមេរិក លើក​លែង​តែ​ Jaguar Lander មួយ។ តួលេខ​នៃ​ចំនួន​លក់​រយៈពេល ៦​ខែ​ដំបូង​នា​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​ Mecedes អាច​លក់​រថយន្ត​បាន​ច្រើន​ជាង BMW ជិត ១៦ ៨០០​គ្រឿង​​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​​ត្រីមាស​ដំបូង Mercedes អាច​លក់​រថយន្ត​បាន​ ​៦៧ ៧៤៦​គ្រឿង ធៀប​នឹង BMW លក់​បាន​ ៥៩ ៤៥៥​គ្រឿង។ ចំណែក​ចូល​ដល់​ត្រីមាស​ទី​ពីរ​ Mercedes លក់​រថយន្ត​បាន​ ៥៩ ៤៦១​គ្រឿង ធៀប​នឹង​ BMW ជា​គូ​ប្រជែង​ដែល​លក់​បាន​​ ៥០ ៩៥៧​គ្រឿង។

ជោគជ័យ​របស់ Mercedes គឺ​បាន​មក​ពី​ពពួក​រថយន្ត SUV ​ដោយ​​ជាក់​ស្ដែង​នៅ​ត្រីមាស​ទី​ពីរ រថយន្ត GLE-Class ជា​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​របស់​ម៉ាក​យីហោ​​អាល្លឺម៉ង់​នេះ​ ដែល​លក់​បាន​សរុប ៩៥០០​គ្រឿង។ បន្ទាប់​មក​គឺ Mercedes GLC ដែល​លក់​បាន ៩៤៦១​គ្រឿង។

​​​​​​ប្រសិន​បើ​ទំនោរ​បែប​នេះ​បន្ត​​កើត​មាន​ឡើង​ពីរ​ត្រីមាស​ទៀត នោះ Mercedes នឹង​អាច​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ប្រណីត​ដែល​អាច​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០២០ លើ​ទីផ្សារ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម