Nissan បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីថ្មីម៉ូដែល Ariya ជាស៊េរីឆ្នាំ ២០២២ ដែលនឹងចាប់ផ្ដើមលក់លើទីផ្សារប្រទេសជប៉ុននៅពាក់កណ្ដាលឆ្នាំ ២០២១ ជាមួយតម្លៃចាប់ពី ៥លានយេន (ប្រមាណ ៤៦ ០០០ដុល្លារ) ហើយនៅចុងឆ្នាំ ២០២១ នឹងដាក់លក់នៅអឺរ៉ុប អាមេរិកខាងជើង រួមទាំងប្រទេសចិន។
Nissan នឹងដាក់លក់រថយន្តអគ្គិសនីនេះដោយមានជម្រើសបួនប្រភេទ។ ទីមួយជាប្រភេទដែលប្រើប្រព័ន្ធបើកបរប៉ុងក្រោយ បំពាក់នូវអាគុយទំហំ ៦៥ kWh និងមានម៉ូទ័រដែលផលិតកម្លាំងបាន ២១៥សេះ។ ប្រភេទនេះអាចជិះបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
បន្ទាប់មកទៀតជាប្រភេទប៉ុងមួយដូចគ្នា ប៉ុន្តែមានអាគុយទំហំ ៩០kWh និងមានកម្លាំង ២៣៩សេះ ដែលអាចជិះបានចម្ងាយ ៦១០ គីឡូម៉ែត្រឯណោះ។ ទីបីជាប្រភេទប្រើប៉ុងពីរ ដែលមានអាគុយទំហំ ៦៥kWh និងមានម៉ូទ័រអគ្គិសនីពីរផលិតកម្លាំងបាន ៣៣៥សេះ ជិះបានចម្ងាយ ៤៣០គីឡូម៉ែត្រ។ ចុងក្រោយគេជាប្រភេទប៉ុងពីរប្រើអាគុយ ៩០kWh និងមានកម្លាំង ៣៨៩សេះ ដែលជិះបានចម្ងាយ ៥៨០គីឡូម៉ែត្រ។
និយាយពីរូបរាងរថយន្ត Nissan Ariya នេះវិញ ក្រុមអ្នកឌីហ្សាញបានរក្សាការប្រើប្រាស់រូបរាងដូចជារថយន្ត Concept ដែលក្រុមហ៊ុនធ្លាប់បង្ហាញចេញកន្លងមក។ នាផ្នែកខាងមុខគឺមានការឌីហ្សាញផ្ទាំងប៉ាណាបែប 3D និងបំពាក់ដោយឡូហ្គោ Nissan ថ្មី។ កង់រថយន្តគឺជាប្រភេទ Alloy ដែលមានជម្រើសទំហំ ១៩អ៊ីញ និង ២០អ៊ីញ។
ផ្នែកខាងក្នុងជាផ្នែកដែលគេចាប់អារម្មណ៍ ដោយមានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗជាច្រើន ដូចជាកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងមានអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញផងដែរ។ រឹតតែគួរចាប់អារម្មណ៍នោះគឺ គេបានប្រើប្រាស់ប៊ូតុង Touch បង្កប់ខ្លួនលើតួរថយន្ត ជំនួសឲ្យគ្រាប់ចុចធម្មតា ដែលប្រើសម្រាប់បញ្ជាសីតុណ្ហភាព និងមុខងារដទៃទៀតជាច្រើន។
Nissan ក៏បានបំពាក់រថយន្ត Ariya ជាមួយប្រព័ន្ធជំនួយការបើកបរ ProPILOT 2.0 និង ProPILOT Remote Park ផងដែរ ដែលមានគួបផ្សំដោយកាមេរ៉ាចំនួន ៧គ្រាប់, មានរ៉ាដាបញ្ចេញរលកសញ្ញាបាន ៥មីល្លីម៉ែត្រ និង Sensor Ultrasonic Sonar ចំនួន ១២គ្រាប់ទៀតផង៕