Rolls-Royce Ghost ស៊េរីថ្មី ចេញជាផ្លូវការហើយ

រថយន្ត Rolls-Royce Ghost ជំនាន់​ទី​ពីរ ដែល​​ដាក់​លក់​ជា​ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ ជា​​មួយ​រចនាបថ​រូបរាង​ដែល​កាន់​តែ​ទាក់ទាញ និង​បាន​ពាំនាំ​មុខងារ​ថ្មីៗ​មួយ​ចំនួន​មក​ជា​មួយ​ផង​ដែរ។

រូបរាង​ខាង​ក្រៅ​របស់​រថយន្ត Ghost ជំនាន់​ថ្មី មិន​បាន​ផ្លាស់​ប្ដូរ​ខុស​ពី​ជំនាន់​មុន​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​គេ​បាន​កែខៃ​ឲ្យ​វា​​មើល​ទៅ​លេច​ធ្លោ​ជាង​រថយន្ត​ជំនាន់​មុន។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​ផ្ទាំង​ប៉ាណា​ថ្មី​ដែល​មាន​​បំពាក់​ដោយ​ភ្លើង LED ចំនួន​ ២០​គ្រាប់​នៅ​ផ្នែក​ខាង​ក្នុង ជួយ​ឲ្យ​ប្រឡោះ​នៃ​ផ្ទាំង​ប៉ាណា​លេច​ធ្លោ។ ​រថយន្ត Ghost ថ្មី​ក៏​មាន​បំពាក់​ភ្លើង​ LED និង​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រភេទ​ឡាស៊ែរ ចំណែក​នៅ​ខាង​ក្រោយ​មាន​បំពាក់​អំពូល​ភ្លើង​ម៉ូដ​ថ្មី​ផង​ដែរ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ghost ជំនាន់​ថ្មី​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​​ដែល​មាន​ភាព​បត់បែន​ល្អ​ដូច​ជា​រថយន្ត Phantom និង Cullinan ដែរ។ វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៦,៧៥លីត្រ V12 ជា​ប្រភេទ Twin-Turbocharged ដែល​ផលិត​កម្លាំង​បាន​ ៥៦៣​សេះ ហើយ​វា​មាន​ប្រព័ន្ធ​ទប់​​ខ្យល់​ដ៏​ពិសេស​ដែល​អាច​កាត់​បន្ថយ​សំឡេង​ម៉ាស៊ីន​មិន​ឲ្យ​ឮ​ចូល​ដល់​​ខាង​ក្នុង។

មុខងារ​ដ៏​ច្នៃប្រឌិត​មួយ​ក្នុង​ចំណោម​មុខងារ​ពិសេស​លើ​រថយន្ត Ghost ជំនាន់​ថ្មី​គឺ​ប្រព័ន្ធ​បូម Planar Suspension System។ ប្រព័ន្ធ​បូម​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សាក​ល្បង និង​អភិវឌ្ឍន៍​១០​ឆ្នាំ​របស់ Rolls-Royce ដែល​វា​ប្រើ​ប្រាស់​កាមេរ៉ា​ដើម្បី​មើល​​សភាព​ផ្លូវ​ខាង​មុខ ហើយ​ត្រៀម​ផ្លាស់​ប្ដូរ​លក្ខណៈ​នៃ​បូម​ទៅ​តាម​ស្ថានភាព​ផ្លូវ​តែ​ម្ដង។

​មុខងារ​ពិសេស​ផ្សេង​ទៀត​មាន​ដូច​ជា​​ប្រព័ន្ធ​​ជំនួយ​ដល់​ការ​មើល​ផ្លូវ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់, ប្រព័ន្ធ​កាមេរ៉ា​៤​គ្រាប់​​អាច​មើល​ឃើញ​ជុំវិញ​រថយន្ត, មុខងារ Active Cruise Control, មុខងារ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, មុខងារ​តម្រង់​​គន្លង​ផ្លូវ​ពេល​បើកបរ, មាន​ Wi-Fi Hotspot និង​មុខងារ​ចូល​ចត​ដោយ​ខ្លួន​ឯង​ជា​ដើម។

គួរ​ដឹង​ថា​រថយន្ត​ Rolls-Royce Ghost ស៊េរី​ឆ្នាំ ២០២១ មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​មួយ​តម្លៃ​ចាប់​ពី ៣៣២ ៥០០​ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម