ឡានអគ្គិសនីពេញលេញដំបូងរបស់ Volvo ចូលរោងចក្រផលិតហើយ

Volvo បាន​បង្ហាញ​ចេញ​រថយន្ត XC40 Recharge P8 AWD កាល​ពី​មួយ​ឆ្នាំ​មុន ហើយ​ពេល​នេះ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង​របស់​ក្រុមហ៊ុន​ស៊ុយអែត​មួយ​នេះ​បាន​ចូល​រោងចក្រ​ផលិត​ហើយ។

Volvo បាន​ប្រកាស​ថា​ការ​ផលិត​រថយន្ត​​អគ្គិសនី​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​​នៅ​រោងចក្រ Ghent ក្នុង​ប្រទេស​បែលហ្សិក ហើយ​ការ​ដឹក​ជញ្ជូន​ជា​លើក​ដំបូង​នៃ​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​​នៅ​អឺរ៉ុប​ចាប់​ពី​ចុង​ខែ​តុលា​នេះ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo បាន​និយាយ​ថា​តម្រូវ​ការ​ពី​អតិថិជន​ចំពោះ​រថយន្ត​ XC40 Recharge P8 AWD គឺ​មាន​ខ្លាំង​ក្លា​​មែន​ទែន​ ហើយ​រថយន្ត​ទាំង​អស់​ដែល​បាន​កំណត់​ថា​ផលិត​នៅ​ឆ្នាំ ២០២០ នេះ គឺ​សុទ្ធ​តែ​បាន​លក់​ចេញ​អស់​ហើយ។ Volvo នៅ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត​នេះ ប៉ុន្តែ​អតិថិជន​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​ទើប​ទទួល​បាន​រថយន្ត។

XC40 Recharge P8 AWD បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ Compact Modular Architecture (CMA) ដែល​សហការ​បង្កើត​ឡើង​ជា​មួយ​ក្រុមហ៊ុន Geely Group។ រថយន្ត​នេះ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ផលិត​កម្លាំង​បាន​សរុប ៤០២​សេះ អាច​ឲ្យ​ស្ទុះ​ពី​ ០-១០០​គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៤,៧វិនាទី។

ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ 78kWh ដែល​អាច​ឲ្យ​រថយន្ត​ជិះ​បាន​ចម្ងាយ ៤១៨​គីឡូម៉ែត្រ​​ពេល​សាក​ភ្លើង​ពេញ។ ប្រសិន​បើ​ប្រើ​ប្រាស់​ប្រព័ន្ធ​សាក​ល្បឿន​លឿន​ គេ​អាច​សាក​អាគុយ​រថយន្ត​ពី ០ ទៅ ៨០% ក្នុង​ពេល​ប្រហែល ៤០នាទី​ប៉ុណ្ណោះ។

តម្លៃ​របស់​ XC40 Recharge P8 AWD គឺ​មាន​ចាប់​ផ្ដើម​ពី ៧៧ ២៨០​ដុល្លារ នៅ​ចក្រភព​អង់គ្លេស និង​តម្លៃ​ ៧០ ៩៦០​ដុល្លារ នៅ​ប្រទេស​អាល្លឺម៉ង់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម