រថយន្ត Vinfast ប្រភេទ SUV ម៉ូដែល Lux SA2.0 បានបង្ហាញមុខឡើងក្នុងកម្មវិធី “Experience Day” នៅប្រទេសវៀតណាម ខណៈពេលការចេញលក់ជាផ្លូវការក្នុងប្រទេសកាន់តែខិតជិតមកដល់។
ក្នុងកម្មវិធីនេះ រូបរាងច្បាស់ៗនៃ Lux SA2.0 ត្រូវក្រុមអ្នកសារព័ត៌មានក្នុងស្រុកផ្ដិតបាន ឲ្យគេឃើញគ្រប់កន្លុកកន្លៀតនៃរថយន្ត SUV ប្រណីតដំបូងរបស់វៀតណាម។ រថយន្តនេះមានទំហំ ៤៩៤០ x ១៩៦០ x ១៧៧៣ ម.ម មានកម្ពស់ពីដី ១៩២ ម.ម និងទម្ងន់ ២១០០ គីឡូក្រាម។ ទំហំរបស់វាស្ថិតនៅក្រុមជាមួយគូប្រជែងដូចជា Hyundai Santa Fe, Mazda CX-8 ឬ Toyota Fortuner ជាដើម។
ផ្នែកខាងមុខរបស់រថយន្តមានបំពាក់នូវអំពូលភ្លើងមានរាងស្ដើងប្រភេទ LED សុទ្ធ រំលេចចេញជាអក្សរ V តំណាងឲ្យពាក្យ Vinfast។
កង់រថយន្តជាប្រភេទស្តង់ដារមានទំហំ ១៩ អ៊ីញ ជាកង់ Alloy។ ចំណែកសម្បកកង់វិញធំ និងក្រាស់ ដោយសម្បកកង់មុខជា 255/50-R19 និងសម្បកកង់ក្រោយគឺ 285/45-R19។
រថយន្តនេះមានបំពាក់នូវកញ្ចក់ចំហៀងអេឡិចត្រូនិក, អាចក្ដោបដោយស្វ័យប្រវត្តិ, មានបង្កប់នូវភ្លើងស៊ីញ៉ូ, មានមុខងារសម្ងួតកញ្ចក់ និងមានកាមេរ៉ាបង្កប់ពីក្រោមអាចមើលទិដ្ឋភាពបានច្បាស់ពេលចូលចត។
អំពូលភ្លើងខាងក្រោយក៏ជាប្រភេទ LED សុទ្ធដែរ ដែលរចនាមកសំឡេងជាអក្សរ V ដូចជាអំពូលភ្លើងខាងមុខដែរ។
កៅអីបំពាក់លើ Lux SA2.0 មានស្រោបដោយសារធាតុស្បែក និងមានប៊ូតុងសម្រាប់បញ្ជាទិសដៅកៅអីបាន ដោយមិនមាន Memory Mode នោះទេ។
ចង្កូតរថយន្តស្រោបដោយស្បែក មានប៊ូតុងសម្រាប់បញ្ជាមុខងារជាច្រើន ដូចជាបញ្ជាសំឡេង បញ្ជាដោយសំឡេង និងបញ្ជាលើមុខងារ Cruise Control ជាដើម។
អេក្រង់នៅចំកណ្ដាលជាប្រភេទ Touch មានទំហំ ១០,៤ អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ហើយភ្ជាប់ជាមួយ Bluetooth បានផងដែរ។
កន្លែងប្ដូរលេខបានរចនាឡើងស្រដៀងនឹងរថយន្ត BMW ដែរ។
រថយន្តនេះប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ នៅជួរខាងក្រោយក៏មានម៉ាស៊ីនត្រជាក់ ហើយមានរន្ធសម្រាប់ដោតសាកឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ដទៃទៀតបានជាច្រើន។
ម៉ាស៊ីនរថយន្តមានចំណុះ ២,០ លីត្រ ចំនួន ៤ ស៊ីឡាំង ប្រភេទ Turbocharged អាចផលិតកម្លាំងបាន ២២៨ សេះ និងប្រើប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ គួបផ្សំនឹងប្រព័ន្ធបើកបរប៉ុងក្រោយ។
គួរដឹងថារថយន្ត Lux SA2.0 នេះមានលក់ក្នុងដំណាក់កាលដំបូងជាមួយតម្លៃប្រមាណ ៦០ ២៩១ ដុល្លារ។ ដំណាក់កាលបន្ទាប់តម្លៃនឹងឡើងដល់ ៧៨ ៣០០ ដុល្លារ ដែលតម្លៃនេះរាងថ្លៃជាងគូប្រជែងបន្តិច៕