ឡានម៉ាស៊ូតបំពុលបរិស្ថានពេក ឥឡូវអង់គ្លេសចាប់ផ្តើមដំឡើងពន្ធបណ្តោយ!

ការ​ដំឡើង​ថ្លៃ​ពន្ធ​លើ​យានយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​របស់​រដ្ឋាភិបាល​អង់គ្លេស ដែល​ទើប​តែ​បាន​ចូល​ជា​ធរមាន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រថយន្ត​ប្រើ​ម៉ាស៊ូត​នានា​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ។

ការ​ប្រកាសដំឡើងពន្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​អធិការបតី​អង់គ្លេស លោក Philip Hammond ដែល​ជំរុញ​ឲ្យ​រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​បាន​ចុះ​បញ្ចី​បន្ទាប់​ពី​ថ្ងៃ​ទី ០១ ខែ មេសា ឆ្នាំ ២០១៨ ប្រឈម​នឹង​ការ​បន្ថែម​ពន្ធ​ពីលើទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យានយន្ត​ដែល​អនុលោម​ទៅ​តាម​ស្តង់ដារ Euro 6d (Standard of Air Quality) ត្រូវ​បាន​លើកលែង​ចំពោះ​ការ​បន្ថែម​ពន្ធ​នេះ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍ Low Carbon Vehicle Partnership បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​គ្មាន​រថយន្ត​ថ្មី​ប្រើ​ម៉ាស៊ូត​ដែល​កំពុង​លក់​ណា ត្រូវ​តាម​ស្តង់ដារ Euro 6d នោះ​ឡើយ។

សូម​បញ្ជាក់​ថា រថយន្ត​ប្រើ​ម៉ាស៊ូត​ថ្មី​ទាំង​អស់​នឹង​ត្រូវ​អនុវត្ត​តាម​ស្តង់ដារ Euro 6d ចាប់​ពី​ឆ្នាំ ២០២០ ខណៈ​បច្ចុប្បន្ន រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​ស្អាត​បំផុត​នៅ​លើ​ទីផ្សារ មាន​ត្រឹម ស្តង់ដារ Euro 6c ដែល​ជា​ការ​តម្រូវ​របស់​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម