ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានបង្ហាញចេញរថយន្តថ្មីៗជាច្រើនម៉ូដែលក្នុងឆ្នាំ ២០២០ នេះ។ គេចាប់អារម្មណ៍ឃើញថារថយន្តទាំងអស់មិនមានជម្រើសម៉ាស៊ីន Hybrid ឬ PHEV (Plug-in Hybrid) នោះទេ។
បើតាមសារព័ត៌មាន Detroit Bureau បានឲ្យដឹងថា កាលពីថ្មីៗនេះលោក Mark Del Rosso នាយកប្រតិបត្តិក្រុមហ៊ុន Genesis បានបញ្ជាក់ច្បាស់ៗថាម៉ាករថយន្តខ្លួនមិនមានគម្រោងផលិតរថយន្ត Hybrid ឬរថយន្ត PHEV នោះទេ ដោយនឹងរំលងទៅកាន់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធតែម្ដង។
គេបានដឹងកាលពីខែមីនាឆ្នាំមុនថា Genesis កំពុងធ្វើការអភិវឌ្ឍន៍លើរថយន្តដែលអាចមានឈ្មោះថា eG80 ជារថយន្ត Sedan ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលនឹងជាគូប្រជែងរបស់រថយន្ត Tesla Model S និងរថយន្ត Mercedes EQS ផងដែរ។ គួរដឹងថា Genesis បានដាក់គោលដៅធ្វើឲ្យរថយន្តគ្រប់ម៉ូដែលមានជម្រើសប្រើអគ្គិសនីសុទ្ធឲ្យបានត្រឹមឆ្នាំ ២០២៤៕