នាពេលថ្មីៗនេះ Brabus បានដាក់បង្ហាញកំពូលរថយន្ត SUV របស់ខ្លួនម៉ូដែល 850 6.0 Biturbo 4×4² Final Edition “1 of 5”។
វាត្រូវបានផលិតឡើងផ្អែកលើម៉ូដែល Mercedes-AMG G63 ដែលមានកម្ពស់ឈរផុតពីដី ៦០០ មីល្លីម៉ែត្រ ផ្តល់ភាពងាយស្រួលខ្លាំងបំផុតសម្រាប់ការបើក Off-road។
អ្វីដែលរឹតតែពិសេសនោះគឺ វាបានជំនួសម៉ាស៊ីនចាស់ចំណុះ ៥,៥ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំងចេញ ដោយប្រើម៉ាស៊ីនថ្មីចំណុះ ៦,០ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៨៣៨ សេះឯណោះ។
រថយន្ត Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” នេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាត្រឹម ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ដោយសារតែវាប្រើប្រាស់សម្បកកង់សម្រាប់ Off-road។ ប្រព័ន្ធជើងក្រោម និងប៉ុងរបស់វាត្រូវបានផលិតឡើងយ៉ាងពិសេសដោយក្រុមហ៊ុន Brabus ផ្ទាល់តែម្តង។
ក្រៅពីមានកម្លាំងខ្លាំង និងអាចបើកបរគ្រប់ស្ថានភាពផ្លូវ រថយន្ត SUV ដ៏អង់អាចមួយនេះក៏បានតុបតែង និងរចនាយ៉ាងទាក់ទាញផងដែរ។ ផ្នែកខាងក្នុងរបស់វាត្រូវបានបំពាក់ដោយស្បែក រំលេចជាមួយនឹងថ្នេរដេរពណ៌ខៀវ ខណៈវាបំពាក់កៅអីត្រឹមតែ ៤ ប៉ុណ្ណោះ ដើម្បីផ្តល់ផាសុកភាពលំដាប់ខ្ពស់ដល់អ្នកដំណើរ។
Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” មានតម្លៃ ៥៤៧ ០០០ ដុល្លារនៅប្រទេសអាល្លឺម៉ង់។ ទោះបីជាអ្នកមានលុយ ក៏មិនប្រាកដថាអាចទិញបានដែរ ព្រោះវាផលិតត្រឹមតែ ៥ គ្រឿងប៉ុណ្ណោះ៕