ញាក់សាច់! ឡាន Toyota Mirai ចាក់អ៊ីដ្រូហ្សែនមួយពេញ ជិះបាន ៨៥០គ.ម៉

Toyota Mirai ស៊េរីឆ្នាំ២០២១ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែធ្នូខាងមុខ ប៉ុន្តែឥឡូវនេះស្រាប់តែមានវីដេអូ Review ចេញមកបាត់ទៅហើយ ដែលវីដេអូនោះត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន។

វីដេអូនោះបានបង្ហាញអំពីរូបរាងលម្អិតនៃរថយន្តប្រើអ៊ីដ្រូហ្សែន និងបង្ហាញអំពីចំណុចពិសេសៗមួយចំនួនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈវីដេអូខាងលើ រថយន្ត Mirai ឆ្នាំ២០២១ នឹងមានធុងផ្ទុកអ៊ីដ្រូហ្សែនចំនួន ៣ ដែលអនុញ្ញាតឲ្យវាបើកបរបានចម្ងាយ ៨៥០គីឡូម៉ែត្រ ពេលចាក់មួយពេញ។ តួលេខនេះបានកើនឡើងប្រហែល ៣០% បើធៀបនឹងរថយន្ត Mirai ជំនាន់មុន ស្របពេលដែលស្ថានីយ៍ចាក់បំពេញអ៊ីដ្រូហ្សែនក៏កាន់តែកើនឡើងដែរ។

ក្រៅពីអាចបើកបរបានចម្ងាយឆ្ងាយជាងមុន Mirai ជំនាន់ទី២ នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយខ្លាំងជាងមុន ដែលបង្កើតកម្លាំងបានសរុប ១៨០សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាប្រើប្រាស់ប្រព័ន្ធប៉ុងមួយវិលកង់ក្រោយ និងប្រើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota Crown និង Lexus LS ដែរ។

យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងរថយន្ត Toyota Mirai ស៊េរីឆ្នាំ២០២១ នេះ នឹងត្រូវបង្ហាញពេលប្រកាសចេញជាផ្លូវការតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម