គិតចាប់តាំងពីឆ្នាំ ១៩៩៥ មកទល់ឆ្នាំ ២០២០ គឺមានរយៈពេល ២៥ឆ្នាំហើយដែល Toyota បានបង្ហាញវត្តមានលើទឹកដីប្រទេសវៀតណាម ដែលរយៈពេលនេះមានរថយន្តជាង ៦៨ម៉ឺនគ្រឿងបានលក់ចេញលើទីផ្សារ។
ក្នុងរយៈពេល ២៥ឆ្នាំនេះដែរ ទំហំបណ្ដាក់ទុនសរុបរបស់ Toyota នៅទីផ្សារប្រទេសវៀតណាមគឺមានសរុបប្រមាណ ២៣៦លានដុល្លារ។ ទំហំផលិតនៃរថយន្ត Toyota ដែលមានរោងចក្រផលិតនៅវៀតណាមគឺមានជិត ៥៥ម៉ឺនគ្រឿង និងបម្រើសេវាកម្មជូនដល់អតិថិជន ១៣លាននាក់ នៅតាមហាងលក់ជាដៃគូជាច្រើន។
ក្នុងចំណោមរថយន្តជាច្រើនម៉ូដែលដែល Toyota បានបញ្ចេញលក់លើទីផ្សារប្រទេសវៀតណាម រថយន្ត Vios អាចលក់ដាច់បានច្រើនជាងគេបំផុត ដែលអាចចេញសរុបបានជាង ១៨២ ០០០គ្រឿងឯណោះ។
បើផ្អែកតាមក្រុមហ៊ុនស្រាវជ្រាវសកល JD Power បានឲ្យដឹងថា Toyota Vietnam ជាប់ចំណាត់ថ្នាក់លេខ១រយៈពេលបួនឆ្នាំជាប់គ្នា ក្នុងនាមជាម៉ាករថយន្តដែលអតិថិជនពេញចិត្តខ្លាំងបំផុត គិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។ បន្ថែមពីនេះក្រុមហ៊ុនក៏ជាប់ចំណាត់ថ្នាក់លេខ១បីឆ្នាំជាប់គ្នា ក្នុងការផ្ដល់សេវាកម្មល្អក្រោយលក់ផងដែរ៕