អាគុយប្រភេទលីចូមត្រូវបាននិយមប្រើប្រាស់លើរថយន្តអគ្គសនីសម័យថ្មីដូចជារថយន្ត Tesla Model 3 ជាដើម។ ត្បិតថាវាអាចផ្ដល់នូវការបើកបរចម្ងាយឆ្ងាយ និងល្បឿនសាកបញ្ចូលដែលអាចទទួលយកបាន ប៉ុន្តែនៅខ្លាំងមិនដល់អាគុយស្ងួត (Solid-State Battery) នោះទេ។
កាលពីដើមឆ្នាំមានការរាយការណ៍ថា Toyota បានធ្វើការសាកល្បងអាគុយស្ងួតជាមួយរថយន្ត Concept របស់ខ្លួន ហើយការផលិតរថយន្តប្រើអាគុយស្ងួតក្នុងចំនួនតិចតួចអាចនឹងចាប់ផ្ដើមនៅអំឡុងឆ្នាំ ២០២៥។
យ៉ាងណាក្ដីគេប្រហែលជាមិនត្រូវរង់ចាំយូរនោះទេដើម្បីដឹងអំពីសមត្ថភាពរបស់អាគុយស្ងួត ដោយសារ Toyota គ្រោងនឹងបង្ហាញចេញរថយន្តគំរូដែលប្រើអាគុយប្រភេទនេះនៅឆ្នាំ ២០២១។ តាមការចុះផ្សាយរបស់ Nikkei Asia បានឲ្យដឹងថា Toyota មានមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនរថយន្តដំបូងដែលចេញលក់រថយន្តប្រើអាគុយស្ងួតនៅដើមទសវត្សឆ្នាំ ២០២០។
បើតាមដំណឹងនាពេលកន្លងមក ការសាកភ្លើងរថយន្តអគ្គិសនីដែលប្រើអាគុយស្ងួតអាចប្រើពេលខ្លីត្រឹម ១០នាទី ខណៈដែលរយៈចម្ងាយដែលវាផ្ដល់ជូនបានគឺលើសរថយន្តអគ្គិសនីដែលប្រើអាគុយលីចូមដល់ទៅពីរដង៕