នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ចេញរថយន្តម៉ូដែលថ្មីមួយទៀត ហៅថា Model Y។ បច្ចុប្បន្ន Tesla មានរថយន្តសរុបចំនួន ៤ ម៉ូដែល គឺ Model S-3-X-Y។
Model Y ប្រភេទ Base Model មានតម្លៃចាប់ពី ៣៩ ០០០ ដុល្លារ ដែលសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៣៧០ គីឡូម៉ែត្រ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៩ វិនាទី។
ដោយឡែក Model Y ប្រភេទ Long Range មានតម្លៃចាប់ពី ៤២ ៧០០ ដុល្លារ ដែលសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥ វិនាទី។
Model Y ក៏មានប្រភេទប៉ុងពីរ Dual Motor AWD ផងដែរ ដោយលក់ក្នុងតម្លៃ ៤៦ ៧០០ ដុល្លារ អាចរត់បានចម្ងាយ ៤៥០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ខណៈរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨ វិនាទី។
ចុងក្រោយបំផុតគឺ Model Y Performance ដែលអាចរត់បានចម្ងាយ ៤៥០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ហើយអាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥ វិនាទីប៉ុណ្ណោះ។
ផ្នែកខាងក្នុងរថយន្តអគ្គិសនី Model Y ត្រូវបានរចនា និងរៀបចំស្រដៀងទៅនឹង Model 3 អីចឹង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ អតិថិជនអាចបន្ថែម Option កៅអីជួរទី ៣ ក្នុងតម្លៃ ៣ ០០០ ដុល្លារ។
អ្វីដែលរឹតតែសំខាន់ទៅទៀតនោះគឺ បច្ចេកវិទ្យាជំនួយការបើកបររបស់ Tesla (Autopilot Semi-Autonomous) ដែលអតិថិជនអាចបន្ថែមបានក្នុងតម្លៃ ៣ ០០០ ដុល្លារ ខណៈមុខងារបើកបរដោយស្វ័យប្រវត្តិ (Full Self-Driving Capability) មានតម្លៃ ៥ ០០០ ដុល្លារ៕